ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី លោក ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញជាច្រើនរូបទៀត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងជំរុញចូលរួមអនុវត្តសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីចក្ខុវិស័យ និងដំណើរការអនុវត្តកម្មវិធីកែទម្រង់សមិទ្ធផលសំខាន់ៗដែលសម្រេចបាន ព្រមទាំងកិច្ចការបច្ចេកទេសផ្សារភ្ជាប់នឹងគោលនយោបាយតាមវិស័យ ដើម្បីជំរុញប្រសិទ្ធភាពអនុវត្តសកម្មភាពការងារឱ្យសម្រេចជោគជ័យស្របតាមផែនការគ្រោងទុក។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០៤ ដោយបានកំណត់ចក្ខុវិស័យច្បាស់លាស់គឺ “ការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្ពុជាពីប្រព័ន្ធផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ”។ ការកែទម្រង់នេះ គ្រប់ដណ្ដប់លើដំណាក់កាលសំខាន់ៗទាំងអស់នៃវដ្តថវិកា គឺ៖ ការរៀបចំថវិកា ការអនុម័តថវិកា ការអនុវត្តថវិកា និងការត្រួតពិនិត្យ វាយតម្លៃលទ្ធផល។ ផ្អែកតាមក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលនឹងកសាងបាននូវប្រព័ន្ធហិរញ្ញវត្ថុសាធារណៈមួយរឹងមាំ ដែលឈានទៅសម្រេចបានលទ្ធផលចុងក្រោយនៃការគ្រប់គ្រងហិរញ្ញវត្ថុ ទាំង ៣ គឺ៖ ១).បូរណភាពនៃការគោរពវិន័យថវិកា ២).ប្រសិទ្ធភាពថវិកាទាំងផ្នែកវិភាជន៍ និងផ្នែកប្រតិបត្តិការ និង ៣).ស័ក្តិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ៕
ដោយ : សិលា










