ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនខណៈដែលដាល់កញ្ចក់រថយន្តបណ្ដាលឲ្យបែក ហើយថែមទាំងវាយទៅលើស្ត្រីម្នាក់ជាប្រពន្ធអ្នកបើកបររថយន្ត បណ្តាលឱ្យរងរបួសមុខ ព្រោះ តែរឿងថយរថយន្តកិនជើង ពេលចេញពីហូបការ។
ករណីហិង្សាដោយចេតនានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ហើយនគរបាលឃាត់ខ្លួនកាលពី៩និង៤០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យដៃដលដែលឃាត់ខ្លួនបានមានឈ្មោះ ជូ ថារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាព ប្រើដៃវាយទៅលើកញ្ចក់រថយន្ត របស់ជនរងគ្រោះឈ្មោះ ខេន វុធថៃ ភេទប្រុស អាយុ២២ឆ្នាំរស់នៅក្នុងភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យបែកកញ្ចក់ទ្វាមុខ ខូចខាតទាំងស្រុង និងវាយទៅលើប្រពន្ធជនរងគ្រោះដែលឈ្មោះ ថា មានអឺ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ចំមុខមួយដៃថែមទៀត ខណៈដែលជនរងគ្រោះមកចូលរួមកម្មវិធីមង្គលការបងប្អូនសាច់ញាតិនៅភូមិ ឃុំកើតហេតុខាងលើ ។
នគរបាលស្រុកឱរ៉ាល់បានបន្តឲ្យដឹងថា ករណីខាងលើកើតឡើងបណ្ដាលមកពីជនសង្ស័យស្រវឹងស្រា ហើយខឹងជនរងគ្រោះថយរថយន្តកិន ជើងខ្លួន ហើយក៏វាយកញ្ចក់រថយន្តបណ្ដាលឲ្យបែករួចវាយទៅលើប្រពន្ធជនរងគ្រោះ ១ដៃចំមុខថែមទៀត។ភ្លាមៗនោះជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយអន្តរាគមន៍។
នគរបាលស្រុកឱរ៉ាល់បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននិងបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំត្រពាំងជោ ចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យដៃដល់ ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់សួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕










