ភ្នំពេញ : លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តយុវជនឱ្យក្លាយជាអ្នកផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល និងជាអ្នកផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌ខ្មែរនៅលើឆាកជាតិ និងអន្តរជាតិ ក្នុងនោះ យើងគួរជំរុញឱ្យ “ពលរដ្ឋម្នាក់ ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់!”។ ការលើកទឹកចិត្តរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៧ នៅសាលសន្និសីទចតុម្មុខ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
លោកឧបនាយករដ្ឋមន្ត្រី ក៏បាន លើកទឹកចិត្តឱ្យជំរុញការប្រើប្រាស់ឌីជីថល ជាជំនួយដល់វិស័យសិល្បៈផងដែរ ព្រោះថាឌីជីថលូបនីយកម្មក្នុងវិស័យសិល្បៈវប្បធម៌ មិនត្រឹមតែជួយដល់ពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញដល់ការទស្សនា សិក្សាស្វែងយល់របស់ភ្ញៀវប៉ុណ្ណោះទេ តែថែមទាំងអាចផ្សព្វផ្សាយពីវប្បធម៌ខ្មែរយើងទៅកាន់ពិភពលោកបានយ៉ាងទូលំទូលាយនិងឆាប់រហ័ស និងជួយដល់ការអភិរក្ស ថែរក្សាកេរដំណែលដ៏មានតម្លៃរបស់យើង ឱ្យបានគង់វង្ស យូរអង្វែង សម្រាប់ជំនាន់បច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយថែមទៀតផង។
ទន្ទឹមនេះ លោកបានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញនូវការប៉ុនប៉ងយកមរតកវប្បធម៌របស់ជាតិយើងទៅបកស្រាយខុសពីប្រភពដើម។ វប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលជួយបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ទឹកដីយ៉ាងពិតប្រាកដ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលមានការរំលោភបំពានលើបូរណភាពទឹកដី និងការប៉ុនប៉ងឆ្លៀតឱកាសលួចបន្លំអត្តសញ្ញាណជាតិខ្មែរពីសំណាក់ប្រទេសជិតខាង។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ដើម្បីការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរយើង ឱ្យបានគង់វង្ស យូរអង្វែង ដោយយើងត្រូវមានភាពច្បាស់លាស់អំពីអត្តសញ្ញាណជាតិ ហើយយើងពិតជាមានភាពចាំបាច់ក្នុងការពង្រឹងស្មារតីជាតិ តាមរយៈការលើកស្ទួយវប្បធម៌៕
ដោយ : សិលា










