ភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង
រថយន្តសាំយ៉ុងដឹកគ្រឿងសមុទ្របុកជាមួយរថយន្តហ្វតក្រឡាប់ផ្ងាជើងសំណាងល្អអ្នកបើកបរមិនរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែមីនាឆ្នាំ២០២៦ នៅត្រង់ចំណុចស្តុប 24 ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហា ណូយ កែងនឹងផ្លូវម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តសាំយ៉ុងដឹកគ្រឿងសមុទ្រ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AA-1130 បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវភ្នំពេញហាណូយលុះមកដល់ចំណុចកើតខាងលើក៏មានរថយន្ត១គ្រឿងទៀតម៉ាក ហ្វតព័ណស ពាក់ស្លាកលេខភ្នំពេញ 2CH-2231 បើកបរទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវសម្តេច ជា ស៉ីន លុះបើកឆ្លងមកដល់នៅត្រង់ចំណុចស្តុប 24 ម៉ោង ក៏ត្រូវរថយន្តដឹកគ្រឿងសមុទ្របុកពេញទំហឹងបណ្តាលក្រឡាប់ផ្ងារជើងម្ខាងធ្លាក់គ្រឿងសមុទ្រពេញផ្លូវ ចំណែករថយន្តហ្វតខូចខាតមួយចំហៀងខាងស្តាំ តែសំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុម្ចាស់រថយន្តទាំងសងខាងបានគេចចេញពីកន្លែងកើតហេតុបាត់អស់ដោយ បន្សល់ទុកតែរថយន្តហើយត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ÷ចន្ទ លីហ្សា










