សមត្ថកិច្ចច្រកស្រុកកោះធំបានរាយការណ៍ថា សព្វថ្ងៃនេះឈ្មួញជនជាតិវៀត ណាមឈ្មោះ យូ បាននិងកំពុងដឹកជញ្ជូនត្រីខុសច្បាប់នាំចូលពីប្រទេសវៀតណាមឆ្លង កាត់ស្រុកកោះធំ ខេត្តកណ្តាលជារៀងរាល់ថ្ងៃ ។ អាជ្ញាធរមានសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន លើកដៃទទួលប្រាក់ពីឈ្មួញ យូ ទាំងដាក់ប្រចាំខែ និងការបង់តាមក្បាលរថយន្ត។ តាំងពីដើមរៀងមកហើយក្រសួងកសិកម្មប្រកាសថា អំពើនាំចូលត្រីពីប្រទេសជិតខាង ជាទង្វើខុសច្បាប់ ប៉ុន្តែសមត្ថកិច្ចអ្នកអនុវត្តច្បាប់នៅតាមព្រំដែនមិនបង្ក្រាបបទ ល្មើសនេះឡើយ ។
ប្រភពរាយការណ៍ថា ផ្លូវមួយខ្សែស្ថិតនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលបានរងការខូចខាតយ៉ាងខ្លាំងដោយសារតែខ្សែរថយន្តធំៗដឹកត្រីរបស់ឈ្មួញ យូ បើកបរទាំងយប់ទាំងថ្ងៃ។ មិនតែប៉ុណ្ណោះមុខទីអារាមវត្តព្រែកស្បូវផ្លូវក៏ រងការខូចខាតខ្លាំងផងដែរ។ អាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមិនចាប់អារម្មណ៍ ចំពោះករណីបទល្មើសនេះទេ ប៉ុន្តែជំនាញខាងជលផលបានសម្តែងនូវការអរគុណ ចំពោះឈ្មួញវៀតណាមឈ្មោះ យូ ដែលបានខិតខំដឹកត្រីខុសច្បាប់មកបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ។
ស្ថាប័នរដ្ឋបាលជលផលត្រូវគេមើលឃើញថា ហាក់ដូចជាស្ងាត់ឈឹងតែម្តងក្នុង បញ្ហានាំត្រីចូលពីប្រទេសជិតខាងនេះ វាជាទង្វើខុសច្បាប់ទាំងស្រុង ។ នេះបើតាមការកំណត់របស់រាជរដ្ឋាភិបាល ប៉ុន្តែយ៉ាងណាក្តីឈ្មួញវៀតណាមល្បីឈ្មោះជាច្រើនជាក់ ស្តែងឈ្មោះយូ ក៏ដូចជាឈ្មោះ តូម ជាអ្នកដែលមានឥទ្ធិពលខ្លាំងក្នុងការដឹកត្រីមកចែក ចាយទូទាំងប្រទេសកម្ពុជា។ អ្វីដែលសំខាន់ជាងគេនោះគឺសមត្ថកិច្ចជំនាញនៅតាមច្រកព្រំដែនទាំងឡាយកំពុងសប្បាយរីករាយចំពោះឈ្មួញវៀតណាមដែលបានបន្តក់លុយឲ្យជារៀងរាល់ថ្ងៃឲ្យពួកគេនោះ ៕