ខេត្តតាកែវ៖ បន្ទាប់ពី គណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការប្រជុំត្រួតពិនិត្យការងារ៩ខែ និងដាក់ចេញទិសដៅអនុវត្តន៍បន្តរួចមក នាព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម ស អ ក បាន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ចំនួន៣២០នាក់ មានប្រសាសន៍ទៅកាន់បងប្អូន លោកបានលើកពីសភាពការណ៍វិវត្តន៍របស់ប្រទេសជាតិនាពេលថ្មីៗនេះ និងបានបញ្ជាក់ជូនបងប្អូនពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការប៉ុនប៉ងធ្វើបាតុកម្មរបស់គណៈបក្យសង្គ្រោះជាតិដើម្បីការពារបុគ្គល កឹម សុខា ដែលនឹងធ្វើអោយប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេតុនេះបងប្អូនត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងកុំលង់ការញុះញង់របស់បក្សប្រឆាំង ។ ជាមួយនោះឯកឧត្តម ក៏បានសុំអោយថ្នាក់ដឹកនាំ ស អ ក គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់មើលថែបងប្អូនអោយបានដិតដល់ ព្រោះពួកគាត់គឺជាវីរៈជនដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីសន្តិភាព និង ការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រទេសជាតិ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បាននាំយកអំណោយរបស់ សម្តេចតេជោ ប្រធានសមាគម ជូនចំពោះបងប្អូនក្នុងម្នាក់ៗ មី១កេស ត្រីខកំប៉ុង១យួរ អង្ករ២៥គក្រ ថវិកា៤ម៉ឺនរៀល។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍មកក៍បានអញ្ជើញចុះទៅពិនិត្យការសាងសង់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ជូនចំពោះគ្រួសារ អតីតយុទ្ធជន លោក សែម ធី ដែលជាជនពិការ នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕
ដោយ សុខ ខេមរា