ខេត្តមណ្ឌលគិរី ៖អនុវត្តបទបញ្ជា និងគោលការណ៍រាជ រដ្ឋាភិបាលក្នុងការលុបបំបាត់ក្មេងទំនើងឱ្យអស់ពីសង្គម និងក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ឋពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងអាវុធហត្ថ បានចុះល្បាតតាមគោលដៅសំខាន់ៗយ៉ាងសកម្ម ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាក់ស្ដែង កាលពីវេលាម៉ោង ២២:៣០នាទី យប់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៦ ខណៈពេលដែលកម្លាំងអាវុធ ហត្ថខេត្តកំពុងចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសដែលមាន ការប្រគុំតន្ត្រីនៅកណ្ដាលក្រុងសែនមនោរម្យ ក៏បានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុម កំពុងធ្វើសកម្មភាពឈ្លោះប្រកែក គប់ដុំថ្ម និងដេញកាប់ចាក់គ្នាយ៉ាងអាណាធិបតេយ្យ នៅចំណុចភូមិចំការតែ សង្កាត់ស្ពានមានជ័យ។
ភ្លាមៗនោះកម្លាំងអន្តរាគមន៍បានចូលទៅទប់ស្កាត់ដើម្បី ការពារសុវត្ថិភាពអ្នកដែលមកកម្សាន្ត និងប្រជាពលរដ្ឋនៅក្បែរនោះ ប៉ុន្តែក្រុមក្មេងទំនើងទាំងនោះមិនត្រឹមតែមិនរាងចាលទេ ថែមទាំងបានប្រើហិង្សាដោយដេញកាប់ និងគប់ដុំថ្មមកលើសមត្ថកិច្ចយើងទៀតផង។ ក្រោមការប្រើប្រាស់វិធានការជំនាញ កម្លាំងអាវុធហត្ថបានធ្វើការឡោមព័ទ្ធ និងបង្ក្រាបជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមមាន៖
១. ឈ្មោះ ធូ រ៉ាវីត ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកចូលរួមសកម្មភាព)និង២. ឈ្មោះ ក្តី សាមឿន ហៅម៉ី ភេទប្រុស អាយុ ១៨ឆ្នាំ (ជនដៃដល់ដែលបានកាប់មកលើសមត្ថកិច្ច)។
វត្ថុតាងដែលដកហូតបានរួមមាន៖
* ដាវ ចំនួន ០១ដើម,* ម៉ូតូ ០១គ្រឿង (ម៉ាក Suzuki Step),* ទូរសព្ទដៃ ចំនួន ០២គ្រឿង (Oppo ១ និង iPhone ១)និង * ក្រវិលធ្វើពីលោហៈធាតុពណ៌ស ចំនួន ០១។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីសាកសួរ និងស្វែងរកបក្សពួកដែលនៅសេសសល់។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ចំពោះមុខសញ្ញាក្មេងទំនើងដែលបង្កគ្រោះថ្នាក់ដល់កម្លាំងសមត្ថកិច្ច និងបង្កភាពភ័យខ្លាចដល់សាធារណជន កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីតាមចាប់ខ្លួនបក្សពួកដែលពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ ធ្ងរជាដាច់ខាត ដោយគ្មានការលើកលែងឡើយ ដើម្បីធានាឱ្យបានសន្តិសុខសណ្ដាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី៕










