ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចរួមមមានមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់សំពៅមាស ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងខេត្តពោធិ៍សាត់ យោធាសឹករងប្រតិបត្តិការខេត្តពោធិ៍សាត់ និងមានការចូលរួមពីពីមន្ត្រីអង្គការអភិរក្សធនធានធម្មជាតិផងដែរ បានបង្ក្រាបរថយន្តរថយន្តប្រភេទកាមរី ឆ្លាម ពណ៌ស្ករ គ្មានស្លាកលេខ ដែលដឹកឈើគ្រញូងពេញ ។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើតាមបណ្តោយផ្លូវជាតិលេខ៥៥ ភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ លុះបង្ក្រាបមកដល់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ១ក្រុម មានរថយន្តអ៊ីហ្ស៊ុយហ៊្សុយ មួយបាំងកន្លះ ពណ៌ស្លែមួយគ្រឿង និងមានម៉ូតូផងដែរ បានមកស្ទាក់ ដើម្បីរំដោះយករថយន្តដឹកឈើគ្រញូង ហើយក្រុមនេះបានគ្រវែងដែកវែង ធ្វើឲ្យទាហានសឹករងម្នាក់រងរបួស និងខូចខាតរថយន្តមន្ត្រីរដ្ឋបាលព្រៃឈើ១គ្រឿងផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្តដឹកឈើគ្រញូងត្រូវបានស្គាល់ឈ្មោះ រាក់ ភេទប្រុស រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ។ រីឯឈ្មួញធំ ឈ្មោះ ពៅ នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ចំនួនឈើដែលសមត្ថកិច្ចបានចាប់នៅពេលនេះ នៅមិនទាន់ដឹងចំនួនប៉ុន្មាននៅឡើយទេ ។ សមត្ថកិច្ចកំពុងថ្លឹង និងវាស់វែង ៕
ដោយ៖ ប៉ឹម ពិន