ភ្នំពេញ៖ ស្នូលកាំភ្លើងបានផ្ទុះឡើងចំនួន១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីបុរសម្នាក់រត់ទាំងឈាមស្រោចពេញខ្លួន ខណះដែលឈ្លោះគ្នាជាមួយគូទំនាស់តាមកាប់ឲ្យរបួសធ្ងន់ហើយបាញ់មួយគ្រាប់ឲ្យរបួសថែមទៀត ហើយករណីនេះត្រូវបានគេសង្ស័យថាពាលសីុពាល ផងដែរ ។
ករណីផ្ទុះអាវុធបង្កឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៦នៅចំណុចផ្លូវដែកមុខក្តាន់ពីរ ភូមិ០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលត្រូវគេកាប់និងបាញ់មួយគ្រាប់បណ្ដាលឲ្យធ្លាយភ្លៅឆ្វេងនោះឈ្មោះសាម ផាន់ណា ហៅលាថុនា ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ចំណែកជនដៃដល់០២នាក់ដែលគេចខ្លួនបាត់នោះត្រូវបានគេស្គាល់ឈ្មោះអា ស្ពៃ ភេទប្រុសអាយុ២៤ឆ្នាំ(ជាអ្នកបាញ់)និងម្នាក់ទៀតឈ្មោះធារ៉ូ ភេទប្រុសអាយុប្រហែល៣០ឆ្នាំ(អ្នកកាន់ដាវកាប់)។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងទទួលបានព័ត៌មានថាមានករណីកាប់ចាក់និងផ្ទុះអាវុធបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងដោយយោងតាមការបំភ្លឺពីឈ្មោះសូ សីហាក់ ភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅផ្ទះជួលជាប់របងវត្តនាគវ័ន្ត ដែលឃើញហេតុការណ៍នេះ បានរៀបរាប់ថា នៅមុនវេលាកើតហេតុគាត់បានឮសម្លេងឈ្មោះប្រកែលរវាងជនរងគ្រោះនិងក្រុមជនល្មើស ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញជនរងគ្រោះរត់ចេញពីផ្លូវតូចមកក្រៅមកដល់ចំណុចកើតហេតុឃើញជនដៃដល់ឈ្មោះធារ៉ូ បានកាន់ដាវតាមកាប់ពីក្រោយជនរងគ្រោះហូឈាមរកដួលដោយជនរងគ្រោះស្រែកឲ្យគេជួយពេលនោះដែរស្រាប់តែឃើញជនល្មើសឈ្មោះអាស្ពៃ បានរត់មកដល់ដែររួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់១គ្រាប់ចំធ្លាយភ្លៅឆ្វេងជនរងគ្រោះឲ្យដេកក្នុងថ្លុកឈាមហើយក្រុមជនល្មើសទាំង០២នាក់នោះបានរត់គេចបាត់ពីកន្លែងកើតហេតុតែម្តង។
ប្រភពដដែល បានបន្តទៀតថាជនរងគ្រោះបន្ទាប់ពីរងរបួសដោយគូទំនាស់កាប់ជាច្រើនដាវនិងបាញ់១គ្រាប់ រួចហើយក៏ត្រូវបានអ្នកជិតខាងបាននាំគ្នាជួយលើកគ្រៀរជនរងគ្រោះឡើងម៉ូតូសណ្តោងរ៉ឺម៉កដឹកមកជួយសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីសង្គ្រោះជីវិត ។
ក្រោយកើតហេតុក្នុងករណីនេះដែរ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះបាននាំគ្នានិយាយថារឿងនោះប្រហែលជារឿងពាលសីុពាល ព្រោះក្រុមជនល្មើសទំនងជាមិត្តភ័ក្រនិងជនរងគ្រោះ ហើយប្រហែលជាចែកលុយគ្នាមិនត្រូវរហូតឈានទៅដល់ការឈ្លោះគ្នា ក្លាយជាហឹង្សាបាននាំគ្នាតាមកាប់និងបាញ់ក្នុងបំណងសម្លាប់ជនរងគ្រោះតែម្តងតែមិនបានសម្រេចនោះទេ ដោយសារតែជនរងគ្រោះរត់ចេញមកខាងក្រៅស្រែកឲ្យគេជួយ ទើបបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅអន្តរគមន៍ទាន់ពេលវេលា ធ្វើឲ្យក្រុមជនល្មើសភ័យនាំគ្នារត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រូពេទ្យជួយធ្វើការវះកាត់រួចរាល់ហើយ នឹងកំពុងសង្រ្គោះបន្តនៅមន្ទីរពេទ្យកាល់ម៉ែត ៕
ដោយ ស ដារ៉ា