សហរដ្ឋអាមេរិក៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមថ្លែងសុន្ទរកថានៅក្នុងសន្និសីទ “មហាសមុទ្រយើងលើកទី៣” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវ៉ាសុីនតោន សហរដ្ឋអាមេរិក។
លោកបានលើកឡើងនូវបញ្ហាប្រឈមចម្បងៗ ដែលមហាសមុទ្រពិភពលោកកំពុងជួបប្រទះ រួមមានការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យរលាយទឹកកកនៅតំបន់ប៉ូលនិងមានកំណើនកម្ពស់នីវ៉ូទឹកសមុទ្រ អាសីុតកម្មទឹកសមុទ្រ ការបំពុលបរិស្ថានសមុទ្រ និងការបាត់បង់ធនធានជីវៈចម្រុះនៅក្នុងសមុទ្រនិងតំបន់ឆ្នេរ។ល។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់សុីជម្រៅក្នុងវិស័យបរិស្ថាន ដើម្បីលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដែលរួមចំណែកយ៉ាងសំខាន់ដល់ការធានាសុវត្ថិភាពសមុទ្រ និងតំបន់ឆ្នេរ។
ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជា០១ នៅខែឧសភា ឆ្នាំ២០១២ ការត្រួតពិនិត្យនិងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ការបង្រ្កាបបទល្មើសព្រៃឈើ ការកែសម្រួលតួនាទីភារកិច្ចពាក់ព័ន្ធនឹងការងារអភិរក្សនិងអភិវឌ្ឍន៍ ការបង្កើតឧទ្យានសមុទ្រនិងតំបន់ការពារថ្មីៗនៅតាមតំបន់ឆ្នេរ ការពង្រឹងសមត្ថភាពស្ថាប័ន ការរៀបចំក្រមបរិស្ថាន ការរៀបចំយុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ ការផ្ទេរមុខងារគ្រប់គ្រងបរិស្ថានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការចូលជាសមាជិកនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាននិងពិធីសារណាហ្គោយ៉ា ការកែលម្អប្រព័ន្ធចុះបញ្ជីនាវា និងការរៀបចំផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ល។
ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោកបង្កើនការប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលទាំងនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្តល់ហិរញ្ញប្បទាន និងការផ្ទេរបច្ចេកវិទ្យាដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ការបង្កើតយន្តការរួមគ្នាដើម្បីតាមដានការអនុវត្តច្បាប់ និងវឌ្ឍនភាពការងារ។
គួរបញ្ជាក់ថា សន្និសីទនេះមានអ្នកចូលរួមប្រមាណ៥០០ នាក់មកពីបណ្តាប្រទេសទូទាំងពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធ ហើយបានទទួលការស្វាគមន៍ពីឯកឧត្តម John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងការថ្លែងសុន្ទរកថាគន្លឹះរបស់លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទាំងបទអន្តរាគមន៍និងបទបង្ហាញសំខាន់ៗពីតំណាងប្រទេស និងអង្គការ ក៏ដូចជាសកម្មជនបរិស្ថានជាច្រើនរូបទៀតផងដែរ។
នៅវេលាថ្ងៃត្រង់នេះដែរ លោករដ្ឋមន្ត្រី និងសមាជិកគណៈប្រតិភូក៏បានចូលរួមពិសារអាហារថ្ងៃត្រង់នៅទីស្នាក់ការកណ្តាលរបស់អង្គការអភិរក្សអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង្គការពាក់ព័ន្ធនានា ដែលនៅក្នុងឱកាសនោះ លោកបានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹងប្រែងក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការល្អ និងការគាំទ្របន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដើម្បីសម្រេចបានជោគជ័យនូវបេសកកម្មដ៏មានសារសំខាន់នេះ៕
ដោយ៖ សហការី