ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនតាមបណ្ដឹងរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ ខណៈដែលជនសង្ស័យធ្វើសកម្មភាពហែកសង្កសីផ្ទះលួចយកទ្រព្យសម្បត្តិនិងលុយចំនួន៥០០ ដុល្លារ។ ប៉ុន្តែជនសង្ស័យឆ្លើយថាយកបានតែកូនកាំបិតនិងកាំភ្លើងខ្យល់តែប៉ុណ្ណោះ ចំពោះលុយរកមិនឃើញនោះទេ។
នគរបាលស្រុកគងពិសីបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យដែលជាចោរលួចហែកជញ្ជាំងផ្ទះយកទ្រព្យសម្បត្តិនិងលុយកាក់នោះ។ នៅវេលាម៉ោង១២និង៤៩នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំរកាកោះបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ សៅ សំអុន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានប្ដឹងជនសង្ស័យឈ្មោះ ជឿន កាន ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី សកម្មភាពហែកជញ្ជាំងសង្កសីផ្ទះរបស់ខ្លួនចូលលួចលុយចំនួន៥០០ដុល្លារ និងសំភារ:ផ្សេងៗក្នុងផ្ទះមួយចំនួនទៀត។
នគរបាលស្រុកគងពិសីបន្តឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមកកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាកោះ បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យខាងលើយកមកធ្វើការសួរនាំ ។
នៅអធិការដ្ឋាននគបាលស្រុក ជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពហែកជញ្ជាំងសង្កសីចូលរើអីវ៉ាន់ក្នុងទូរដាក់សម្លៀកបំពាក់ និងកន្ត្រកដាក់ខោអាវ ពិតប្រាកដមែន លួចបានកាំបិតចុងស្រួច០១ កាំភ្លើងខ្យល់០១ ចំណែកលុយរកមិន ឃើញនោះទេ។ ខោអាវនិងទ្វារបានយកមកទុកនៅខាងក្រោយផ្ទះ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថាក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ នគរបាលស្រុកកូនពិសី បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕










