ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជន បងប្អូនប្រជាកសិករ អាជីវករ ជ្រាបថា ក្រសួងពាណិជ្ជកម្ម បានបន្តសម្របសម្រួលដោះស្រាយការកកស្ទះកសិផល ដែលបណ្តាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបាន ទាន់ពេលវេលា ជាពិសេសក្នុងអំឡុងរដូវកាលប្រមូលផលនេះ សំដៅធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាកសិករ។
ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលការទិញ-លក់ និងស្វែងរកទីផ្សារ ដោយសហការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំង បន្លែត្រប់ស្រួយ និងត្រប់វែង ជាដើម ដែលមាន ការកកស្ទះទីផ្សារនៅខេត្តបាត់ដំបង ក្នុងតម្លៃសមរម្យ និងបានបន្តសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារជាបន្ត បន្ទាប់ទៀត នៅតាមទីតាំងផលិតកម្ម និងតាមបណ្តារាជធានី-ខេត្តនានាដែលជួបបញ្ហា។ ក្រសួងពាណិជ្ជកម្ម តាមរយៈ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត កំពុងបន្តតាមដានយ៉ាងសកម្មលើស្ថានភាពទីផ្សារកសិផល ដើម្បីចុះជួយសម្រួល ការកកស្ទះ បានទាន់ពេលវេលា។
ក្នុងន័យនេះ សូមបងប្អូនប្រជាកសិករ ផ្តល់ព័ត៌មាន អំពីករណីកកស្ទះកសិផល មកមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ឬទំនាក់ទំនងមកកាន់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រសួងពាណិជ្ជកម្ម តាមរយៈទូរសព្ទលេខ ០១២ ៧២៣ ៦៤៥ / ០១២ ២៥៩ ៩៩៧ ឬតាមប្រព័ន្ធទូរសព្ទសាធារណៈរបស់ក្រសួង លេខ ១២៦៦។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាកសិករ អាជីវករ ជ្រាបជាព័ត៌មាន៕
ដោយ៖តារា










