លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ វិបត្តិសេដ្ឋកិច្ចសកល អាចកើតឡើង ប្រសិនបើសង្គ្រាមនៅមជ្ឈឹមបូព៌ា អូសបន្លាយរយៈពេលយូរ

ចែករំលែក៖

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានព្រមានថា ពិភពលោកអាចប្រឈមមុខនឹង វិបត្តិសេដ្ឋកិច្ចសកល ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា បន្តអូសបន្លាយរយៈពេលយូរ ដែលអាចបង្កឲ្យមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល និងសកម្មភាពសេដ្ឋកិច្ចពិភពលោកទាំងមូល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ «សណ្តាប់ធ្នាប់ពិភពលោកក្នុងបរិវត្តថ្មី» នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា ការឡើងថ្លៃប្រេងឥន្ធនៈ មិនមែនជាបញ្ហាធំបំផុតទេ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះ គឺហានិភ័យនៃ វិបត្តិសេដ្ឋកិច្ចសកល ដែលអាចកើតឡើង ប្រសិនបើជម្លោះនៅមជ្ឈឹមបូព៌ា បន្តអូសបន្លាយ។

 

លោកបានលើកឡើងថា ប្រសិនបើប្រទេសនានា ប្រឈមនឹងការខ្វះខាតប្រេងសម្រាប់ផ្គត់ផ្គង់ នោះអាចនាំឲ្យមានការកាត់ផ្ដាច់ចរន្តសកម្មភាពសេដ្ឋកិច្ច និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ដូច្នេះ ប្រទេសនានា ត្រូវពិចារណាប្ដូរទិសយុទ្ធសាស្ត្រថាមពល និងសេដ្ឋកិច្ច ដើម្បីធានាបាននូវស្ថិរភាពក្នុងរយៈពេលវែង។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ក៏បានព្រមានផងដែរ អំពី ហានិភ័យនៃវិបត្តិឥណទាន ដែលអាចកើតឡើងបន្ទាប់ពីវិបត្តិថាមពល។ លោកពន្យល់ថា នៅពេលដែលសេដ្ឋកិច្ចសកលធ្លាក់ចុះ និងចំណូលរបស់ប្រជាជន ឬអាជីវកម្មថយចុះ វាអាចបង្កឲ្យមានបញ្ហាក្នុងការសងបំណុល ដែលនឹងប៉ះពាល់ដល់ប្រព័ន្ធធនាគារទាំងមូល។

 

លោកបានប្រៀបធៀបថា ស្ថានភាពបែបនេះ អាចមានលក្ខណៈស្រដៀងនឹង វិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨-២០០៩ ប៉ុន្តែបរិបទបច្ចុប្បន្ន មានលក្ខណៈខុសគ្នាខ្លះ ដោយសារវិបត្តិនេះអាចចាប់ផ្តើមពីវិបត្តិថាមពល មុននឹងបន្តទៅវិបត្តិហិរញ្ញវត្ថុ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា ក្នុងអតីតកាល កម្ពុជាមិនទទួលផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨-២០០៩ នោះទេ ព្រោះវិបត្តិនោះកើតឡើងជាចម្បងនៅវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យនៅបណ្តាប្រទេសអភិវឌ្ឍន៍។

 

ទោះជាយ៉ាងណា ស្ថានភាពបច្ចុប្បន្នខុសគ្នា ព្រោះវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់រួចទៅហើយ។ ដូច្នេះ វិស័យដែលអាចប្រឈមនឹងហានិភ័យខ្លាំង គឺ វិស័យធនាគារ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាបំណុលក្នុងវិស័យឯកជន។ ក្នុងន័យនេះ លោកបានស្នើឲ្យ ធនាគារជាតិនៃកម្ពុជា ត្រូវពិនិត្យ និងវាយតម្លៃស្ថានភាពបំណុលជាក់ស្តែង ដើម្បីអាចដាក់ចេញវិធានការទប់ស្កាត់ហានិភ័យឲ្យទាន់ពេលវេលា។

...

 

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានសង្កេតឃើញថា កន្លងមក វិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល ចំពោះបញ្ហាសេដ្ឋកិច្ចមួយចំនួន ហាក់មានភាពយឺតយ៉ាវខ្លះ។ ដូច្នេះ លោកបានណែនាំឲ្យមានការតាមដាន និងឆ្លើយតបឲ្យបានលឿនជាងមុន ដើម្បីទប់ស្កាត់ហានិភ័យសេដ្ឋកិច្ច មុនពេលបញ្ហាអាចវិវត្តទៅជាវិបត្តិធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print