សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចជំនួបរវាង លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator) នៅសាលសវនការរបស់ គ.ស.ម.ក។ កិច្ចជំនួបនេះ មានគោលបំណងបន្ត ពង្រឹងកិច្ចសហ ប្រតិបត្តិការរវាង គ.ស.ម.ក. និងអង្គការសហប្រជាជាតិ លើវិស័យសិទ្ធិមនុស្ស។

 

លោកទេសរដ្ឋមន្ត្រីបានទទួលការស្វាគមន៍លោកស្រី Vladanka Andreeva និងសហការី ហើយបានគូសបញ្ជាក់អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖

 

-ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា

 

-ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ

 

-ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការ ប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន

 

-ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក

 

-ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ

 

-ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៤០ ០០០ នាក់ មិនអាចត្រឡប់ ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។

 

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងសហប្រតិបត្តិការយ៉ាង ពេញលេញជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពសណ្តាប់ធ្នាប់ ពិភពលោកកំពុងធ្លាក់ចុះ ព្រមទាំងនៅតែបន្តប្រកាន់យកជំហរនៃការអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការច្បាប់ដែលមានស្រាប់ ព្រមទាំងបន្តខិតខំការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

 

ក្នុងឱកាសនេះ លោកស្រី Vladanka Andreeva បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយយន្តការ អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងយកចិត្តទុកដាក់ខ្ពស់ចំពោះ សហគមន៍ LGBTQIA+។ លោកស្រីក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពជម្លោះ ដែលបានកើត ឡើងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបង្កផលប៉ះពាល់ដល់ពលករទេសន្តប្រវេសន៍ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ លោកស្រីបានគូសបញ្ជាក់ថា ជម្លោះតែងតែបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជន និងការអភិវឌ្ឍសង្គម ហើយបានសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែថែរក្សា និង ច្បាប់អន្តរជាតិត្រូវតែគោរព។ លោកស្រីក៏បានលើកឡើងពីសារៈសំខាន់នៃ លំហរស៊ីវិល និងតួនាទី របស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម ជាពិសេសអំឡុង ពេលជនភៀសសឹកកំពុងត្រូវការការគាំពារយ៉ាងខ្លាំង។

 

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ត ទុកដាក់ និងជឿជាក់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ជាមួយអង្គការ សង្គមស៊ីវិល និងបានបើកចំហ លំហរស៊ីវិល ឱ្យមានការចូលរួមយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់សិទ្ធិ មនុស្ស។

 

ក្នុងឱកាសនោះផងដែរ លោកស្រី ឡុង សូនីតា អនុប្រធាន គ.ស.ម.ក. បានលើកឡើងអំពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាក្នុងវិស័យសិទ្ធិមនុស្ស រួមមាន ការអនុវត្តអនុសាសន៍នៃ យន្តការ Universal Periodic Review (UPR) ការកសាងសមត្ថភាពស្ថាប័ន ការគាំទ្រផ្នែកបច្ចេកទេស ការរៀបចំ មូលដ្ឋានទិន្នន័យតាមដានអនុសាសន៍ជាតិ (National Recommendations Tracking Database NRTD) ការអប់រំ និងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅ ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការគាំទ្រដល់ក្រុមងាយរងគ្រោះ រួមមានជនភៀសសឹកកម្ពុជា ជាពិសេស ការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងការគាំទ្រការអប់រំដល់កុមារភៀសសឹក ព្រមទាំងការលើកកម្ពស់ការ យល់ដឹងអំពីសិទ្ធិ និងសមភាពសម្រាប់សហគមន៍ LGBTQIA+។

...

 

កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងទទួលបានលទ្ធផលគួរជា ទីពេញចិត្ត៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print