ខេត្តកំពង់ស្ពឺ៖ គ្រឿងចក្រ១គ្រឿង ប្រភេទត្រាក់ទ័រត្រូវបានអាជ្ញាធរស្រុកឱរ៉ាល់ ឃាត់ខណៈដែលមកឈូសឆាយដីសម្បទានសង្គមកិច្ចដែលក្រុមឈ្មួញបានលួចដាក់គ្រឿងចក្រឈូសឆាយដែលរដ្ឋទុក សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ។
ការចុះឃាត់គ្រឿងចក្ររបស់ក្រុមឈ្មួញឈូសឆាយរំលោភយកដីសម្បទានសង្គម កិច្ចនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិ ព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ ។ ការចុះឃាត់គ្រឿងចក្រខាងលើនេះ ក្រោមការដឹកនាំផ្ទាល់ពីលោក ប៊ុន វិចិត្រ អភិបាលរងស្រុកឱរ៉ាល់និងតាមបញ្ជា របស់គណៈបញ្ជាការឯកភាពស្រុក ។
លោក ប៊ុន វិចិត្រ អភិបាលរងស្រុកឱរ៉ាល់បាននិយាយឲ្យដឹងថាបន្ទាប់ពីមានសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋថាមានក្រុមជន ខិលខូចបានយកគ្រឿងចក្រទៅឈូសឆាយ រំលោភយកដីសម្បទានសង្គមកិច្ចដែលទុក សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្ររួចមក លោកក៏បានដឹកនាំកម្លាំងចម្រុះក្រោមការ បញ្ជាពីគណៈបញ្ជាការឯកភាពស្រុកនោះក្រុមការងារស្រុកបានរឹបអូសត្រាក់ទ័រម៉ាក(ហ្វដពណ៌ខៀវ)មួយគ្រឿងខណៈម្ចាស់បានរត់គេចខ្លួនបាត់ ។
លោកបន្តថាក្រុមជនខិលខូចលួចយកគ្រឿងចក្រមកឈូសឆាយដីរបស់រដ្ឋ (ដី សង្គមកិច្ច)នេះគឺរដ្ឋទុកសម្រាប់ចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង ។ ក្រោយពី ចុះឃាត់ដកហូតបានគ្រឿងចក្រត្រាក់ទ័រ រួចអាជ្ញាធរបានយកមករក្សាទុកបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីប្រគល់ឲ្យជំនាញចាត់ការតាមនីតិវិធីបន្តនិងស្រាវជ្រាវរកម្ចាស់គ្រឿងចក្រនោះ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ សេនា សក្តិ