អបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ” សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រព្រឹត្តទៅនៅបរិវេណ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិតក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង:  លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត តំណាង លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

បានអញ្ជើញជាអធិបតី អបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ” សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រព្រឹត្តទៅនៅបរិវេណ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិតស្ថិតក្នុងក្រុងបាវិត។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាក្រុង លោក លឹមសៀងហេងអភិបាលក្រុង លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង ក្រុមប្រឹក្សាសង្កាត់ទាំងប្រាំ លោកមេភូមិទាំងប្រាំក្នុងសង្កាត់បាវិត លោក លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុង ក្រុមហ៊ុនប្រមូលសំរាម ហាយប្រីដ ហ្គាប៊ែឆ សហភាពសហព័ន្ធយុវជនកម្ពុជាក្រុង យុវជនកាកបាទក្រហមកម្ពុជាក្រុង លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤១០នាក់។

ថ្លែងក្នុងឱកាសនោះ លោកស្រី យក់ស៊ីណាត អភិបាលរងខេត្តស្វាយរៀង បានគូសបញ្ជាក់ថា ការរៀបចំយុទ្ធនាការនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន ឱ្យកាន់តែយល់ច្បាស់អំពីតម្លៃនៃអនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង។ 

លោកស្រីបានបន្តថា ទីក្រុងស្អាតមិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួមដោយស្មារតី «សាមគ្គី» និងការទទួលខុសត្រូវខ្ពស់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីធ្វើឱ្យក្រុងបាវិត ក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ និងមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត យុទ្ធនាការនេះរួមមានសកម្មភាពសំខាន់ៗដូចជា៖

⁃ ការអប់រំផ្សព្វផ្សាយ៖ បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

⁃ សកម្មភាពអនាម័យផ្ទាល់៖ ការចុះប្រមូលសំរាមតាមដងផ្លូវ សួនច្បារសាធារណៈ និងតាមបណ្ដាលផ្សារនានាក្នុងក្រុងបាវិត។

⁃ ការលើកសោភ័ណភាព៖ ការរៀបចំទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកនៅតាមមន្ទីរ អង្គភាព និងសាលាក្រុង-ស្រុក។

បន្ទាប់ពីកិច្ចប្រជុំជួបជុំ លោកស្រីអភិបាលរងខេត្ត រួមជាមួយមន្ត្រីរាជការ និងយុវជន បានចុះធ្វើយុទ្ធនាការសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាវិតប្រកបដោយភាពស្និទ្ធស្នាល និងស្មារតីសាមគ្គីភាពខ្ពស់។

សកម្មភាពនេះ មិនត្រឹមតែជាការអបអរសាទរទិវាជាតិទីក្រុងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនស្មារតីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមថែរក្សាអនាម័យបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់មុខមាត់ខេត្តស្វាយរៀង ឱ្យកាន់តែស្រស់បំព្រងបន្ថែមទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print