ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានដំណេីរការចុះត្រួតពិនិត្យទីតាំងផ្ទះមួយកន្លែងស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ដែលតាមព័ត៌មាន ទទួលបានថាមានជនបរទេសមួយក្រុមចូលមកស្នាក់នៅ(ជនបរទេសសញ្ជាតិ ឥណ្ឌូណេសុី មានស្រី-ប្រុស) ។
អនុវត្ដតាមអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ជនបរទេសគ្រប់រូបដែលកំពុងតែស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវតែជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្រ្ដីជំនាញលេីការចុះបញ្ជីវត្ដមានជនបរទេសសម្រាប់រយៈពេលវែង-ខ្លី និងជនបរទេសមកបម្រេីការងារ ។ ល។
ជាក់ស្ដែងនៅទីតាំងផ្ទះជួលខាងលេីឈ្មោះ សុខ នី រស់នៅភ្នំពេញ ជាអ្នកជួលអោយជនបរទេសទាំងនេះស្នាក់នៅ សមត្ថកិច្ចជំនាញបានរកឃេីញជនបរទេសចំនួន ៦ នាក់ ស្រី ៤ មានសញ្ជាតិឥណ្ឌូណេសុី ដែលទេីបមកជួលផ្ទះខាងលេីដេីម្បីស្នាក់នៅបណ្ដោះអាសន្ន និងបានធ្វេីការត្រួតពិនិត្យរកឃេីញសម្ភារៈឧបករណ៍សង្ស័យពាក់ព័ន្ធការប្រព្រឹត្ដបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams ) រួមមាន៖ ទូរសព្ទដៃ ៥៩គ្រឿង, កុំព្យូទ័រយួរដៃ Laptop ៧គ្រឿង និងឧបករណ៍ថតសំឡេង ៨គ្រឿង , ឯកសណ្ឋានសមត្ថកិច្ចបរទេសមិនមែនកម្ពុជា អាវ៤ សញ្ញាស័ក្តិ និងលោហ្គោមួយចំនួន, ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ៥៩កញ្ចប់តូច និង ១កញ្ចប់ធំ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើត្រូវបានចាប់យកនិងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីបន្ដនីតិវិធី៕ដោយ៖តារា










