ភ្នំពេញ ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៦ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ ជាតិយើង ក្នុងការចូលរួមសម្តែងអំណរសាទរ និងទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងរាជធានី ភ្នំពេញ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១- ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក កាំភ្លើងបាញ់ទឹក ស្អប់បូមបាញ់ទឹក និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមានរបួស ឬខូចខាតទ្រព្យសម្បត្តិ មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ២- បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុង ស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ៣- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារទំនើបឯកជន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូប ភ្លើងចង្ក្រាន ធុងហ្គាស ការឆ្លងចរន្តអគ្គិសនី ឬការ ប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ជាពិសេសត្រូវផ្តាច់ចរន្តអគ្គិសនីមុនពេល ចាកចេញ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុណាមួយ ៕
ដោយ សំរិត









