ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ចំនួន៤ករណីផ្សេង គ្នានៅក្នុងបុរីអ័រគីដេ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជន ជាតិចិនសរុបចំនួន១៥នាក់ និងដកហូត វត្ថុតាង រួមមាន ទូរសព្ទដៃសរុបចំនួន ៤៣គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ៥គ្រឿង រថយន្តម៉ាក GAC GN8 ចំនួន ១គ្រឿង សារធាតុញៀនក្រាមថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់ រួមជាមួយឧបករណ៍ប្រើប្រាស់មួយចំនួន ។
ការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌជ្រោយចង្វា ហើយមានការសម្រប សម្រួលនីតិវិធីច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
វិធានការចំពោះមុខ អាជ្ញាធរបានសម្រេចបិទឃ្លុំជាបណ្តោះអាសន្ន នូវផ្ទះលេខ ERM-059 ផ្លូវរំចង់ និងផ្ទះលេខ ERM-059 ផ្លូវផ្កាឈូក ដែលជាកន្លែងប្រព្រឹត្តបទល្មើស។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូម ជម្រាបថា ការបោសសម្អាតOnline Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល (មិនឱ្យមានសកម្មភាព) សរុបចំនួន ២៣៦ ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាង ត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។
តាមការកត់សម្គាល់របស់អាជ្ញាធរ ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះ ចំនួនប្រមាណ ជាង ២២មុឺននាក់ បានគេចខ្លួនចេញពីប្រទេសកម្ពុជា ខ្លះចេញតាមផ្លូវអាកាស ខ្លះតាមផ្លូវគោក៕










