ខេត្តកណ្តាលរ៖ រថយន្តកុងតឺន័រ១គ្រឿងដែលអ្នកបើកបរងងុយដេកបានរេចង្កូតទៅបុករះម៉ូតូអ្នកផឹកកាហ្វេពេលព្រឹកបណ្តាលឲ្យខូចខាតចំនួន១០គ្រឿង កាលពីវេលាម៉ោ៥ និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងកើតផ្សារគគីរទល់មុខមន្ទីរពេទ្យបង្អែកកៀនស្វាយ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កជារបស់ក្រុមហ៊ុនសូងួន ម៉ាកស្តាលីង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ4D-1642 អ្នកបើកបររត់គេចខ្លួនបាត់ ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រកកៀនស្វាយបានឲ្យដឹងថា មុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង លុះមកដល់កន្លែងកើតហេតុទំនងជាអ្នកបើកបរងងុយដេកបណ្តាលឲ្យរថយន្តរេចង្កូតទៅឆ្វេងដៃបុករះម៉ូតូនៅចិញ្ចើមផ្លូវមុខហាងលក់គុយទាវ កាហ្វេ ខូចខាតចំនួន១០គ្រឿង ក្នុងនោះខូចខាតធ្ងន់ធ្ងរ ចំនួន៣គ្រឿង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ចំណែកមធ្យោបាយទាំងអស់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សណ្តោស