ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាទឹក លិចក្នុងរាជធានីភ្នំពេញ សាលា រាជ ធានីភ្នំពេញ និងមន្ទីរសាធារណការ បើកការដ្ឋានស្ថាបនា ជញ្ជាំងបេតុងប្រឡាយបឹងសាឡាង និងផ្លូវបេតុងអមសងខាងមាត់ប្រឡាយ កាលពីព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញបានបើកការដ្ឋានស្ថាបនាជញ្ជាំងបេតុងប្រឡាយបឹងសាឡាងប្រវែង៣៦៥ម៉ែត្រ ទទឹង៩ម៉ែត្រនិងស្ថាបនាផ្លូវបេតុងអមសងខាងមាត់ប្រឡាយទទឹង៥ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។
លោកបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ តែងតែផ្តល់អាទិភាពទៅលើការដោះស្រាយបញ្ហាទឹកលិចក្នុងរាជធានីភ្នំពេញដោយធ្វើការស្តារនិងអភិវឌ្ឍន៍ប្រព័ន្ធលូ ដែលគិតមកដល់ពេលនេះ សម្រេចបានប្រវែង៦០៦គីឡូម៉ែត្រ និងសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែមចំនួន៤កន្លែង រួមមាន ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍បូមទឹកព្រះពន្លា ដែលមានសមត្ថភាពបូមទឹកកើន៣ដង ។ នៅឆ្នាំ២០១៧ ខាងមុខនឹងស្ថាបនាបន្ថែមចំនួន២កន្លែងទៀត គឺស្ថានីយ៍បូមទឹក១០០ខ្នង និងស្ថានីយ៍បូមទឹកលូប្រាំ។
ក្នុងឱកាសនោះដែរ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា យើងទាំងអស់គ្នា បានដឹងហើយថា តំបន់បឹងសាឡាង អតីតជាដីទំនាបបឹង ពុំមានលំនៅដ្ឋានច្រើននោះទេ ហើយជាទីតាំងដែលស្តុកទឹកមួយចំនួនធំមុននឹងហូរទៅប្រឡាយបឹងស្ទឹងមានជ័យ ប៉ុន្តែភូមិសាស្រ្តនេះ បច្ចុប្បន្ន បានប្រែក្លាយទៅជាតំបន់លំនៅដ្ឋាន មានមនុស្សរស់នៅច្រើនធ្វើឲ្យបាត់បង់ផ្ទៃស្តុកទឹក ពីបឹងមកត្រឹមជាប្រឡាយរំដោះទឹកចូលទៅប្រឡាយស្ទឹងមានជ័យ ដែលតែងតែបង្កឲ្យមនការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំង។ លោកបានបន្តថា ក្រោយពីការស្ថាបនាជញ្ជាំងបេតុងប្រឡាយបឹងសាឡាងនិងស្ថាបនាផ្លូវបេតុងអបសងខាងមាត់ប្រឡាយ នឹងអាចដោះស្រាយការលិចលង់ក្នុងតំបន់មួយចំនួននៅរាជធានីភ្នំពេញ ។
លោកបានបន្តថា ក្រោយពីការស្ថាបនាជញ្ជាំងបេតុង ប្រឡាយបឹងសាឡាង និងស្ថាបនាផ្លូវបេតុងអបសងខាងមាត់ប្រឡាយ នឹងអាចដោះស្រាយការលិចលង់ ក្នុងតំបន់មួយចំនួន នៅរាជធានីភ្នំពេញ ៕
ដោយ៖ សំរិត