បច្ចុប្បន្នមនុស្សជាតិកំពុងប្រឈមនឹងគ្រោះទុរភិក្ស អត់ឃ្លាន គ្រោះធម្មជាតិ ធ្វើឲ្យពលរដ្ឋរាប់សិបលាននាក់ កំពុងស្រែកទ្រហ៊ោយំសុំជំនួយ ហើយខ្លះក៏ដាច់ពោះស្លាប់ ដោយសារអត់អាហារ ដូចជាពលរដ្ឋដែលប្រឈមនឹងសង្គ្រាមស៊ីវិលនៅស៊ីរីជាដើម ។
កត្តាទាំងអស់នោះហើយបានជាអង្គការសហប្រជាជាតិបើកឲ្យមាន ការជួយគ្នារវាងម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល ជិត៦ពាន់នាក់ មកពី៨០ប្រទេស ជាលើកទីមួយ ក្នុងជំនួបកំពូលមនុស្សធម៌ពិភពលោក។ វាគ្មិនទាំងអស់មានពេលពីរថ្ងៃសម្រាប់ពិគ្រោះយោបល់គ្នាចង់ធ្វើ កំណែទម្រង់ប្រព័ន្ធមនុស្សធម៌ ដើម្បីឱ្យដំណើរការផ្តល់ជំនួយមនុស្សធម៌មានប្រសិទ្ធិភាព។ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាល និងមនុស្សធម៌ខ្លះ មានជាអាទិ៍អង្គការគ្រូពេទ្យគ្មានព្រំដែន បដិសេធមិនចូលរួមទេ ព្រោះយល់ថា ជំនួបកំពូលមនុស្សធម៌លើកដំបូងបង្អស់នេះនឹងមានត្រឹមតែពាក្យ ។
ពិភពលោកសព្វថ្ងៃបាននឹងកំពុងជួបវិបត្តិធ្ងន់ខ្លាំង និងច្រើនឡើងៗព្រមទាំងមានទ្រង់ទ្រាយធំទៀត រហូតដល់អង្គការសហប្រជាជាតិបានផ្តល់ចំណាត់ថា្នក់ថាជាវិបត្តិកំរិត បី ។ វិបត្តិមនុស្សធម៌នេះបង្កឡើងដោយមូលហេតុពីរយ៉ាង ៖ ជម្លោះឬសង្គ្រាមស៊ីវិល (ស៊ីរី អ៊ីរ៉ាក់ ស៊ូដង់ខាងត្បូង និងសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល) និងការឡើងកម្តៅអាកាសធាតុ និងគ្រោះទឹកជំនន់ខ្យល់ព្យុះ ។
នៅចំពោះមុខសម្រែកមនុស្សធម៌របស់ ពលរដ្ឋប្រមាណ៦០លាននាក់ ដែលត្រូវបង្ខំចិត្តធ្វើបន្លាស់ទី និង១២៥លាននាក់កំពុងរង់ចាំជំនួយរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនយល់ថាប្រព័ន្ធផ្តល់ជំនួយមនុស្សធម៌បច្ចុប្បន្នចាស់គំរិលពេកហើយ និងត្រូវតែគិតគូរធ្វើកំណែទម្រង់ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់មនុស្សធម៌បាន ។
អង្គការប្រជាជាតិដែលជាអ្នកផ្តួចផ្តើមគំនិតប្រឹងប្រែងខ្លាំងតាមរយៈប្រសាសន៍របស់លោក បានគីមូន ចង់ប្រែក្លាយជំនួបកំពូលនេះជាចំណុចចាប់ផ្តើមចរន្តមួយខ្សែនៃការបញ្ចេញសកម្មភាព និងប្តេជ្ញាចិត្តជាក់ស្តែងជួយប្រទេសរងគ្រោះឱ្យប្រឈមតទល់នឹងវិបត្តិ, កំណត់វិធីសាស្ត្រថ្មីសម្រាប់ចាត់ចែងការធ្វើបន្លាស់ទីដោយបង្ខំ និងធានាបាននូវប្រភពហិរញ្ញវត្ថុដ៏មានលំនឹងមួយសម្រាប់ចាត់ចែងវិបត្តិ។
សូមកុំភ្លេចថា នៅក្នុងចំណាត់ការដោះស្រាយវិបត្តិមនុស្សធម៌ត្រូវមានអ្នកចូលរួមច្រើន មិនមែនតែអង្គការក្រៅរដ្ឋាភិបាលម្នាក់ឯងឬរដ្ឋ រដ្ឋាភិបាលមួយធ្វើកើតទេ។ ដូច្នេះការមកជួបជុំគ្នាដោយចំពោះមានទាំងអង្គការក្រៅរដ្ឋាភិបាល ប្រមុខរដ្ឋរដ្ឋាភិបាលជួបទល់មុខគ្នា គឺជាឱកាសដ៏ប្រពៃសម្រាប់ផ្ចង់ការពិភាក្សាគ្នាបង្ហាញទស្សនៈវិស័យ នយោបាយ និងការប្តេជ្ញាចិត្តដោះស្រាយដោយឆ្កឹះឱ្យដល់ឫសគល់នៃបញ្ហា។
គេសង្ឃឹមថា ជំនួបកំពូលនេះនឹងមានសក្តានុពលខ្លាំងផ្តល់សន្ទុះឱ្យមានចលនា មនុស្សធម៌ដ៏ធំមួយមិនធ្លាប់មានដែលមានការព្រមព្រៀងអន្តរជាតិ ៕
ប្រែសម្រួល៖ ម៉ែវ សាធី