ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋរស់នៅ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុងប្រឈមបញ្ហាផ្លូវខូចលំបាកធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅផ្សារ ។ ក្រុមអ្នកភូមិ បារម្ភថា បើមានអ្នកភូមិឈឺត្រូវបញ្ជូនទៅ មន្ទីរពេទ្យជាបន្ទាន់នោះ អាចនឹងស្លាប់មុននឹងបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ប៉ុន្តែអាជ្ញាធរ អះអាងថា ផ្លូវក្រួសក្រហមដែលកំពុងខូចខាតនេះនឹងត្រូវស្ថាបនាថ្មីដោយក្រាល កៅស៊ូ ។
អ្នកភូមិជាច្រើនបានត្អូញត្អែរពីការ លំបាកធ្វើដំណើរកាត់ផ្លូវក្រាលក្រួសក្រហមប្រមាណ៧គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ៥ ក្បែរសាលាឃុំអូរសណ្ដាន់ រហូត ដល់ភូមិអូរតាប្រុកនៃឃុំអូរសណ្ដាន់ ។
ពលរដ្ឋម្នាក់នៅភូមិថ្នឹងបានឲ្យដឹងថាពីរបីឆ្នាំមកហើយដែលផ្លូវនេះខូច ប៉ុន្តែរយៈ ពេលមួយឆ្នាំចុងក្រោយនេះផ្លូវមានជង្ហុកធំៗ និងកន្លែងខ្លះមានទឹកដក់ធ្វើដំណើររអិលដួលទៀតផង ។ អ្នកភូមិដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះរាល់ថ្ងៃមាន៦ភូមិ ហើយពល រដ្ឋខ្លះត្រូវឡើងចុះទិញអីវ៉ាន់ពីផ្សារមកលក់ ដូរជាញឹកញាប់នៅផ្ទះមានការលំបាកដឹក អីវ៉ាន់ឆ្លងកាត់ផ្លូវនេះណាស់ ។
ចំណែកពលរដ្ឋម្នាក់ទៀតនិយាយថា ស្ថានភាពលំបាកក្នុងការធ្វើដំណើររាល់ថ្ងៃនេះគាត់អាចទ្រាំបាន ព្រោះកន្លងទៅផ្លូវនោះមានសភាពលំបាកជាងនេះទៅ ទៀត។ គាត់និយាយបន្តថារាល់ឆ្នាំមេឃុំ និងព្រះចៅអធិការវត្តបានដឹកនាំពលរដ្ឋ និងព្រះសង្ឃជួសជុលផ្លូវនេះដែរ ដោយ កាប់ដីដាក់លើរទេះរួចដើរចាក់តាមជង្ហុកឬ រណ្ដៅដក់ទឹកដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ពលរដ្ឋ ។
ជំទប់ទី១ ឃុំអូរសណ្ដាន់ លោក គឹម ប៊ុនសម្បត្ដិបញ្ជាក់ថា ផ្លូវលំមួយខ្សែប្រវែង ៨គីឡូម៉ែត្រនេះបានធ្វើតាំងពីឆ្នាំ១៩៩៥ ហើយបានជួសជុលពីរដង គឺម្ដងនៅឆ្នាំ ២០០២ និងម្ដងទៀតនៅឆ្នាំ២០០៧ ។
លោកថា ការជួសជុលបន្ទាប់បន្សំរយៈពេលចុងក្រោយនេះ គឺដើម្បីរង់ចាំគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូរបស់ក្រសួងអភិវឌ្ឍន៍ ជនបទចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅ តភ្ជាប់ផ្លូវកៅស៊ូមួយខ្សែទៀតឋិតនៅខាងលិចភូមិអូរតាប្រុក នៃឃុំអូរសណ្ដាន់ នៅចុងឆ្នាំ២០១៦ឆាប់ៗខាងមុខនេះ ។
ផ្លូវមួយខ្សែនេះជាសរសៃឈាមយ៉ាងសំខាន់ របស់ពលរដ្ឋរស់នៅប៉ែកខាងក្រោមផ្លូវជាតិ លេខ៥នៃឃុំអូរសណ្ដាន់ ដើម្បីដឹកជញ្ជូនកសិផលលក់ដូរនៅផ្សារក្រគរ ឬផ្សារពោធិ៍ សាត់ និងចេញចូលព្យាបាលជំងឺ ៕
ដោយ៖ ហេង នរិន្ទ្រ