ភ្នំពេញ ៖ លោកហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបជាមួយ ប្អូនស្រីសួង ស្រីនិត ដែលជាជនរងគ្រោះម្នាក់ បន្ទាប់ពីត្រូវមេការរោងចក្រប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី១៣ កញ្ញា ២០១៦ នោះ ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ខណៈពេលលោក និងគណៈប្រតិភូអញ្ជើញមកចូលរួមកិច្ចប្រជុំ 2nd Annual Commemoration of WARP Summit ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៦ ។ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានឱ្យដឹងថា លោក ហ៊ុន ម៉ានី ពិតជាមានការស្លុតអារម្មណ៍អាណិតប្អូនស្រី សួង ស្រីនិត នៅពេលដែលឃើញសភាពជាក់ស្ដែង និងការរៀបរាប់ទាំងក្ដុកក្ដួលរបស់នាង ដែលលោកបានសន្យាថា នៅពេលចប់កិច្ចប្រជុំនៅសាធារណរដ្ឋកូរ៉េ ត្រលប់ទៅកម្ពុជាវិញ ក្នុងនាមលោក ជាតំណាងរាស្ត្រ ហើយជនរងគ្រោះរស់នៅខេត្តដែលលោកជាតំណាងរាស្ត្រផងនោះ លោកនឹងរៀ់បចំបែបបទ ដើម្បីជម្រាបទៅស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបន្ថែមបន្ទូកពីលើកំណត់ទូត របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានធ្វើទៅស្ថាប័នប៉ូលិសតំបន់ Pochun ខេត្ត Gyonggi-do នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១៦ ។ មន្ត្រីដដែលថា អំឡុងពេលនេះ នៅសាធារណរដ្ឋកូរ៉េ គឺកំពុងអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌធំ ឬហៅថាបុណ្យ Chusok ហើយស្ថានប័នរដ្ឋ និងឯកជនទាំងអស់ត្រូវបានឈប់សម្រាក ជាហេតុធ្វើឲ្យចំណាត់ការនៃស្ថាប័នប៉ូលីសមានការយឺតយ៉ាវខ្លះ ។ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានបញ្ជាក់ថា ជាការឆ្លើយតបយ៉ាងអួលអាក់របស់ប្អូនស្រី សួង ស្រីនិត ប្អូនស្រីគ្នានអ្វីស្មើនឹងសំពះអរគុណនូវទឹកចិត្ត មានសង្ឃឹម និងជឿជាក់ទៅលើចំណាត់ការរបស់ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងលោក ឡុង ឌីម៉ង់ និងក្រុមការងារ ដែលបានសស្រាក់សស្រាំក្នុងការការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់ប្រជាជនខ្មែរ ដែលរស់នៅលើទឹកដីកូរ៉េនេះ ។ ក្នុងពេលនោះស្ត្រីរងគ្រោះ បានសំណូមពរឲ្យថ្នាក់ដឹកនាំស្វែងរកយុត្តិធម៌ជូនគាត់ក៏ដូចជាពលរដ្ឋដែលរងគ្រោះដទៃទៀតផងដែរ ៕
ដោយ៖ សហការី