Shiloh Jolie កូនស្រីរបស់តារាហូលីវូដ Angelina Jolie និង Brad Pitt បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងវីដេអូចម្រៀងសម្រាប់ Dayoung តារាចម្រៀង K-pop ។
យោងតាមកាសែត The Korea Times បទចម្រៀងខ្លីៗរយៈពេល 30 វិនាទីសម្រាប់បទចម្រៀង “What’s a Girl to Do” របស់ Dayoung ត្រូវបានចេញផ្សាយនៅថ្ងៃទី 2 ខែមេសា ដោយផលិតកម្ម Starship Entertainment ។ វាបង្ហាញ Shiloh សម្តែងជាអ្នករាំនៅផ្ទៃខាងក្រោយ រួមជាមួយអ្នកសំដែងផ្សេងទៀត លេងស្ទីលសក់ក្រោយ ក្រវិល និងអាវពណ៌ត្នោតខ្ចី ខណៈពេលដែលធ្វើចលនាស្របគ្នាជាមួយនឹងក្បាច់រាំ។
Starship បាននិយាយថា Shiloh បានសម្ដែងតាមរយៈការសវនកម្មបើកចំហដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ក្រុមការងារផលិតកម្មបានរាយការណ៍ថាបានជ្រើសរើសនាងដោយសារសមត្ថភាពរាំរបស់នាង ហើយក៏បានដឹងពីប្រវត្តិដ៏ល្បីល្បាញរបស់នាងបន្ទាប់ពីការថតចប់។
Shiloh ពេលនេះ មានអាយុ 20 ឆ្នាំ គឺជាកូនមួយក្នុងចំនោមកូនបង្កើតបីនាក់របស់ Jolie និង Pitt និងម្នាក់ក្នុងចំណោមកូនទាំង 6 នាក់របស់ពួកគេ។ ពេលកើតមកនាងមានឈ្មោះ Shiloh Nouvel Jolie-Pitt តែនាងបានដាក់ពាក្យសុំដកនាមត្រកូលរបស់ឪពុកនាងនៅខែឧសភា ឆ្នាំ 2024 នៅពេលនាងមានអាយុ 18 ឆ្នាំ នេះបើយោងតាមកាសែត Los Angeles Times ។
Jolie អាយុ 51 ឆ្នាំ និង Pitt អាយុ 63 ឆ្នាំបានរៀបការនៅឆ្នាំ 2014 បន្ទាប់ពីទំនាក់ទំនងអស់រយៈពេល 10 ឆ្នាំ។ Jolie បានដាក់ពាក្យលែងលះនៅឆ្នាំ 2016 ហើយចៅក្រមបានសំរេចថាគូស្នេហ៍ទាំងពីរ “នៅលីវស្របច្បាប់” ក្នុងឆ្នាំ 2019 នេះបើយោងតាម Business Insider ។ អ្នកទាំងពីរទើបតែបញ្ចប់ការដោះស្រាយការលែងលះគ្នាក្នុងឆ្នាំ2024៕










