ខេត្តតាកែវ÷ កាលពីថ្ងៃចន្ទ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង១៤:៣០នាទី នគរបាលស្រុកគិរីវង់បានទទួលពាក្យបណ្តឹងពីជនរងគ្រោញ សុទ្ធ ឆលីហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ខោអាវ រស់នៅភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលប្តឹងទៅលើក្រុមជនសង្ស័យមានស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់ដំបូលតូបស័ង្កសី ចូលលួចយកខោអាវអស់មួយចំនួនធំ នៅចំណុចផ្សារទន្លាប់ (ផ្សារចាស់)។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងភ្លាម លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានសុំយោបល់និងគោលការណ៍ណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបញ្ជាឱ្យកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ស្រាវជ្រាវលុះមកដល់ម៉ោង១៦:៣០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល បានឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៣នាក់មានដូចខាងក្រោម÷
១.ឈ្មោះ សៀង សុខហឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាលួចសកម្ម ,ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន០១លើកពាក់ព័ន្ធក្នុងករណីបទ អំពើលួចកាត់ ខ្សែភ្លើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជាប់រយ:ពេល០៩ខែ)។
២.ឈ្មោះ សើ គឹមហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាលួចសកម្ម ,ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក លើកទី១.ពាក់ព័ន្ធក្នុងករណីបទ ប្រើ ប្រាស់គ្រឿងញៀន ជាប់រយៈពេល០២ឆ្នាំ នៅឯខេត្តព្រះសីហនុ និងលើកទី២. ពាក់ព័ន្ធក្នុងករណីបទជួញ ដូរនិងប្រើប្រាស់គ្រឿងញៀន ជាប់រយៈពេល០២ឆ្នាំប០៦ខែ នៅឯខេត្តព្រះសីហនុ)។
៣.ឈ្មោះ រ័ត្ន អូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាលួចសកម្ម, ប្រើ ប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារចំនួន០១ លើក ពាក់ព័ន្ធក្នុងករណីបទ អំពើលួច កាត់ខ្សែភ្លើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ជាប់រយៈពេល ០៧ខែ) ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕










