ស្ថានទូតចិនប្រចាំទីក្រុងបាងកក ព្រមានពលរដ្ឋខ្លួនពីការឆបោកតាមរយៈ «ការងារប្រាក់ខែខ្ពស់» នៅថៃ

ចែករំលែក៖

ទីក្រុង​បាងកក៖ ស្ថានទូតចិនប្រចាំទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៤ ខែមេសាថ្មីៗនេះ​ បានចេញសេចក្ដីណែនាំដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីហានិភ័យនៃល្បិចបោកបញ្ឆោតតាមរយៈការសន្យាផ្ដល់ «ការងារដែលមានប្រាក់ខែខ្ពស់»។ ការចេញមុខព្រមាននេះ បានធ្វើឡើងបន្ទាប់ពីតារាសម្ដែងចិនម្នាក់ គឺលោក Wang Xing ត្រូវបានគេលួងលោមឱ្យធ្វើដំណើរទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា រួចត្រូវបានក្រុមឧក្រិដ្ឋជនបង្ខាំងទុក និងលក់បន្តក្នុងបណ្ដាញជួញដូរមនុស្ស។

បើយោងតាមការចេញផ្សាយរបស់កាសែតThe China Daily ក្នុងសេចក្ដីណែនាំនោះ ស្ថានទូតចិនបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះរាល់ការអូសទាញឱ្យទៅកាន់តំបន់ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា មិនថាក្រោមរូបភាពផ្ដល់ប្រាក់ខែខ្ពស់ ឬការផ្ដល់អត្ថប្រយោជន៍កម្សាន្តផ្សេងៗនោះឡើយ។ ស្ថានទូតបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើធ្លាក់ក្នុងអន្ទាក់នៃក្រុមឆបោកទាំងនោះ ជនរងគ្រោះអាចប្រឈមនឹងការបង្ខាំងទុកដោយខុសច្បាប់ អំពើហិង្សា ឬអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

ជាចុងក្រោយ ស្ថានទូតបានជំរុញឱ្យប្រជាពលរដ្ឋចិនបង្កើនការជឿជាក់លើរដ្ឋាភិបាល និងកុំចាញ់បោកការឃោសនាតាមបណ្ដាញសង្គម ដូចជាវីដេអូខ្លីៗ ឬសារផ្សព្វផ្សាយការងារក្រៅប្រទេសដែលសន្យាផ្ដល់ប្រាក់កម្រៃច្រើន និងមានភាពងាយស្រួល។ ស្ថានទូតបានគូសបញ្ជាក់ថា ក្នុងករណីមានអាសន្ន ឬមានការសង្ស័យណាមួយ សូមប្រញាប់ទាក់ទងមកកាន់ប៉ូលិសមូលដ្ឋាន ឬស្ថានទូតចិនជាបន្ទាន់ ដើម្បីទទួលបានការជួយសង្គ្រោះទាន់ពេលវេលា៕ដោយ​៖តារា​

រូបភាព​៖​ លោក Wang Xing និង​ស្ថានទូតចិនប្រចាំទីក្រុងបាងកក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print