ទីក្រុងបាងកក៖ ស្ថានទូតចិនប្រចាំទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៤ ខែមេសាថ្មីៗនេះ បានចេញសេចក្ដីណែនាំដាស់តឿនជាថ្មីដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីហានិភ័យនៃល្បិចបោកបញ្ឆោតតាមរយៈការសន្យាផ្ដល់ «ការងារដែលមានប្រាក់ខែខ្ពស់»។ ការចេញមុខព្រមាននេះ បានធ្វើឡើងបន្ទាប់ពីតារាសម្ដែងចិនម្នាក់ គឺលោក Wang Xing ត្រូវបានគេលួងលោមឱ្យធ្វើដំណើរទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា រួចត្រូវបានក្រុមឧក្រិដ្ឋជនបង្ខាំងទុក និងលក់បន្តក្នុងបណ្ដាញជួញដូរមនុស្ស។
បើយោងតាមការចេញផ្សាយរបស់កាសែតThe China Daily ក្នុងសេចក្ដីណែនាំនោះ ស្ថានទូតចិនបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះរាល់ការអូសទាញឱ្យទៅកាន់តំបន់ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា មិនថាក្រោមរូបភាពផ្ដល់ប្រាក់ខែខ្ពស់ ឬការផ្ដល់អត្ថប្រយោជន៍កម្សាន្តផ្សេងៗនោះឡើយ។ ស្ថានទូតបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើធ្លាក់ក្នុងអន្ទាក់នៃក្រុមឆបោកទាំងនោះ ជនរងគ្រោះអាចប្រឈមនឹងការបង្ខាំងទុកដោយខុសច្បាប់ អំពើហិង្សា ឬអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។
ជាចុងក្រោយ ស្ថានទូតបានជំរុញឱ្យប្រជាពលរដ្ឋចិនបង្កើនការជឿជាក់លើរដ្ឋាភិបាល និងកុំចាញ់បោកការឃោសនាតាមបណ្ដាញសង្គម ដូចជាវីដេអូខ្លីៗ ឬសារផ្សព្វផ្សាយការងារក្រៅប្រទេសដែលសន្យាផ្ដល់ប្រាក់កម្រៃច្រើន និងមានភាពងាយស្រួល។ ស្ថានទូតបានគូសបញ្ជាក់ថា ក្នុងករណីមានអាសន្ន ឬមានការសង្ស័យណាមួយ សូមប្រញាប់ទាក់ទងមកកាន់ប៉ូលិសមូលដ្ឋាន ឬស្ថានទូតចិនជាបន្ទាន់ ដើម្បីទទួលបានការជួយសង្គ្រោះទាន់ពេលវេលា៕ដោយ៖តារា
រូបភាព៖ លោក Wang Xing និងស្ថានទូតចិនប្រចាំទីក្រុងបាងកក










