ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បន្តធ្វើការបណ្ដាញជនជាតិចិន ៥០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសកំណើតវិញ។
ជាក់ស្ដែងនៅយប់ថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៥០៦នាក់ ស្រី០៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
ដោយ៖តារា










