ខេត្តតាកែវ ៖ ទូកដឹកសាច់បង្កក ១គ្រឿង ដែលលួចដឹកចូលមកពីវៀតណាម នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ នេះ ។ បន្ទាប់ពីទទួលបានព៏ត៌មានលោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បានបញ្ជាកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងគយចល័ត និងសមត្ថកិច្ចពាក់ ព័ន្ធ បានចុះប្រតិបត្តិការចាប់ឃាត់ទូកដឹកសាច់បង្កក ដែលបានសង្ស័យថា លួចនាំចូលពីប្រទេសវៀតណាម ដឹកតាមច្រកទ្វេភាគីបាក់ដៃនឹងដឹកឆ្លងកាត់ពីមុខប៉ុស្តិ៍របស់សមត្ថកិច្ចនៅទីនោះជាច្រើនស្ថាប័ន ស្ថិតក្នុងភូមិសាស្ត្រស្រុកអង្គរបូរី ខេត្តតាកែវ ។
ប្រភពពីមន្ត្រីរកងរាជអាវុធហត្ថស្រុកឱ្យដឹងថា ទូកដឹកសាច់បង្កកទាំងនោះត្រូវបានឈ្មួញដឹកជញ្ជូនចូលមកជាច្រើនលើកមកហើយ ដោយដឹកជញ្ជូនមិនមានឯកសារត្រឹមត្រូវ និងគ្មានសមត្ថកិច្ចណាចាប់ឃាត់បានឡើយ ។ មន្ត្រីដដែលបញ្ជាក់ថា តែបន្ទាប់ពីលោក កង អាណាន់ មកកាន់តំណែងជាអភិបាលស្រុកអង្គរបូរីថ្មី លោកបានបញ្ជាឱ្យចាប់ទូកដឹកសាច់បង្កកដែលដឹកចូលមកពីវៀតណាម ឱ្យបាន និងសហការជាមួយគយចល័ត ពេលយើងចាប់ឃាត់បានសាច់បង្កកនោះមានប្រហិតនឹងសាច់មាន់ប្រមាណជិត ២តោន ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពស្បៀងអាហានៅពេលទិញយកទៅទទួលទាន ។
បច្ចុប្បន្ន សាច់បង្កកដែលត្រូវបានចាប់ឃាត់ ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ខណៈមន្ត្រីជំនាញកំពុងបន្តអនុវត្តនីតិវិធី ត្រួតពិនិត្យគុណភាព និងឯកសារពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ក្រុមអាជីវករ និងអ្នកដឹកជញ្ជូនទំនិញទាំងអស់ឱ្យគោរពតាមច្បាប់ និងជៀសវាងការនាំចូលទំនិញខុសច្បាប់ ដែលអាចប្រឈមចំពោះការផាកពិន័យ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ហើយសាច់បង្កកនេះត្រូវបានប្រគល់អោយមន្ត្រីគយចល័ត ដើម្បីត្រូតពិនិត្យបន្ត ៕










