ប្រទេសវៀតណាម ៖ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានអញ្ជើញទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ប្រទេសវៀតណាម។ ក្នុងនោះ ក៏បាននាំយកថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោក ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យផងដែរ។
លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះបង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ៖ តាមពិតអ្នកដឹកនាំល្អដែលមានព្រហ្មវិហារធម៌ ដូចលោកអភិសន្តិបណ្ឌិត ប្រកបដោយ ៖ ១)ស្រលាញ់រាប់អានមនុស្សទូទៅមិនមែនត្រឹមតែសាច់ញ្ញាតិ បងប្អូន ឬបក្សពួករបស់ខ្លួនឡេីយ (មត្តា) ។
២) អាណិតដល់មនុស្សលោក និង សត្វមានជីវិតទាំងឡាយ ដោយមិនគិតពីបក្សពួក ឬនិន្នាការ (ករុណា) ។
៣)រីករាយ និងត្រេកអរចំពោះភាពរីកចំរេីន ថ្កេីងថ្កានរបស់មនុស្សលោកគ្រប់ៗគ្នាដោយមិនប្រកាន់បក្សពួក ឬនិន្នាការ (មុតិតា) ។៤)មិនអគតិ ឬ លំអៀងព្រោះស្រលាញ់ ព្រោះស្អប់ ព្រោះខ្លាច ឬព្រោះល្ងង់ (ឧបេខា) ។
៥)ជាអ្នកបំរេីដោយមិនរេីសមុខ។
៦)យកចិត្តទុកដាក់លើកូនចៅគ្រប់កាលៈទេសៈ ប្រកបដោយ គុណធម៌ ៕
ដោយ ៖ សិលា










