ខេត្តកណ្តាល៖ លោក ថុន ចេតនា ជាមន្ត្រីជលផល(ចតុមុខ) បានរងនូវបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដាក់ទៅកាន់នាយខណ្ឌរដ្ឋបាលជលផលខេត្ត ដោយបញ្ជាក់យ៉ាងលម្អិតថា មន្ត្រីរូបនេះ បានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ក្នុងនាមខ្លួនជាមន្ត្រីជំនាញ បាននាំជនជាតិវៀតណាមចូលអូសអួន ឆក់ត្រី នៅក្នុងតំបន់អភិរក្សសហគមន៍ជ្រោយស្នោ ស្ថិតនៅក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល និងសហគមន៍ សន្តា ស្ថិតក្នុងឃុំសន្តា ស្រុកលើកដែក ។
មន្ត្រីរដ្ឋបាលជលផលរូបនេះ ថែមទាំងជាប់ពាក់ព័ន្ធក្នុងការនាំសត្វព្រៃដូចជាពស់ អណ្តើក ជាច្រើនតោនចូលទៅប្រទេសវៀតណាម ដោយដឹកជញ្ជូនតាមទូក ដែលលោក ថុន ចេតនា ប្រើប្រាស់ជាធម្យោបាយបង្ក្រាបបទល្មើសចេញតាមច្រករបៀង ឡស្រា ខ្នាតាំងយូ ស្រុកកោះធំ ខេត្តកណ្តាល និងចេញតាមក្រោមស្ពានព្រែកអំបិល ឆ្ពោះទៅព្រែកបាក់ដៃ ខេត្តតាកែវ ដោយយកស្បៃ សៃយ៉ឺនគ្របលើសត្វទាំងអស់នោះ ។
ករណីនេះ គួរណាស់តែប្រធានរដ្ឋបាលជលផល ក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមានវិធានការទប់ស្កាត់ទៅលើមន្ត្រីអនុវត្តច្បាប់ បែរជាយកជំនាញទៅប្រព្រឹត្តល្មើសច្បាប់នេះ ៕
ដោយ៖ សុខ ខេមរា