ភ្នំពេញ៖ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិចិន៣នាក់និងបុរសខ្មែរម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត រីឯស្ត្រីខ្មែរម្នាក់ទៀត ត្រូវបានផ្តន្ទាទោស៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនទម្ងន់ជិត៥៥គីឡូក្រាម ។
តុលាការបានចោទប្រកាន់ក្រុមជនជាប់ចោទតាមមាត្រា៣៩និង៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៦ និង១៧ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខC១៩ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងខេត្តស្ទឹងត្រែង។
មន្ត្រីតុលាការ បញ្ជាក់តាម ជនជាប់ចោទឈ្មោះ ផល ដានី ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ ជាប់ចោទពីបទចូលរួម ក្នុងក្រុមឧក្រិដ្ឋជនគឿងញៀន ។ ឈ្មោះ លីវ ស៊ឺ ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខែ្មរ ឈ្មោះ តឹង យ៉ាងភីង ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិចិន ឈ្មោះ លី យ៉ុន ហៅចៃ ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិចិន និងឈ្មោះ តាំ យ៉ា ជនជាតិចិន ត្រូវបានចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
គួររំលឹកថា សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវអស់រយៈពេលជាច្រើនខែ មុននឹងឈានទៅដល់ការបង្ក្រាប និង ឃាត់ខ្លួនក្រុមឧក្រិដ្ឋជន នៅក្នុងរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតបានថ្នាំញៀនសរុប ៥៤៥៩៩,៦០ ក្រាម ដែលមានតម្លៃជាប្រាក់រហូតដល់ចំនួន៣លានដុល្លារសហរដ្ឋអាមេរិក៕
ដោយ៖ ចេស្តា