ខេត្តពោធិ៍សាត់ ៖ លោក លី ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ចុះសម្របសម្រួល និងមន្ត្រីរដ្ឋបាលព្រៃ ឈើ សង្កាត់,ផ្នែក,កងអាវុធហត្ថខេត្ត,កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំបង្រ្កាបទីតាំងសិប្បកម្មកែច្នៃនិងស្តុកឈើដោយខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើក្នុងនោះកម្លាំងរឹបអូស វត្ថុតាងបានមួយចំនួនធំយកទៅរក្សាទុកដើម្បីបន្តតាមនីតិវិធី ។
ប្រតិបត្តិការនេះបានប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត នៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថាកម្លាំងសមត្ថកិច្ច ក្រោមការសម្របសម្រួលពីលោកព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះ បង្រ្កាបទីតាំងសិប្បកម្មកែច្នៃនិងស្តុកឈើដោយខុសច្បាប់ដែលសិប្បកម្មនេះមានម្ចាស់ឈ្មោះ ឈឿង ឈូង ភេទស្រី អាយុ ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ ។ លោកអធិការបន្តថា ប្រតិបត្តិការណ៍ខាងលើកម្លាំងរឹបអូសនិងដកហូតបានវត្ថុតាងរួមមានឈើអារសន្លឹកប្រភេទឈើទាលចំនួន១,៩០ម៉ែត្រគូប,ឈើអារជ្រុងនិង សន្លឹកឈើប្រណីតធ្នង់ចំនួន០,៥៥៥ម៉ែត្រគូប,ឈើអារប្រភេទឈើរាជកុល,គគីរ, ប្រណីត ធ្នង់(តុទូ)ចំនួន៤០កំណាត់។
លោកបន្តទៀតថាវត្ថុតាងដែលរឹបអូសដកហូតយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រគរដើម្បីអនុវត្តបន្តតាមនីតិវិធីនៃច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ៕
ដោយ៖ ប៉ឹមពិន