ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ង្វៀន ម៉ិញវូ ឯកអគ្គរដ្ឋទូត ប្រទេសវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ។
ដំណើរបំពេញបេសកកម្ម របស់ឯកឧត្តម អគ្គរដ្ឋទូតធ្វើឡើងនាពេលនេះ ជាជំនួបដ៏មានអត្ថន័យ ហើយ ឯកឧត្តម សរ សុពុត្រា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងថ្លែងអំណរគុណដល់គណៈប្រតិភូ នៃការអញ្ជើញមកដល់ និងទស្សនៈកិច្ចស្វែងយល់អំពីសក្តានុពល ជំរុញលើកកម្ពស់ ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ សំខាន់ៗជាច្រើនបន្ថែមទៀត ។
ជំនួបនេះ គឺបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ ហើយបានជំរុញដល់ខេត្តស្ទឹងត្រែង ជាមួយនិងខេត្ត ដុង ណាយ ខេត្ត ខាញ់ ហ័រ ខេត្តហ្សាឡាយ និងខេត្ត ក្វាង ង៉ាយ ប្រទេសវៀតណាម បន្តកិច្ច សហការយ៉ាងល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនិងបំណងប្រាថ្នារបស់ប្រមុខដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋនៃប្រទេស ទាំង២។
ហើយ ឯកឧត្តម សរ សុពុត្រា បានចាត់ទុកថា វាជាការកសាងលើ «សាមគ្គីភាព ជឿជាក់ ការយោគយល់គ្នា ជាស្ថិរភាពយូរអង្វែង បានបង្ហាញនូវទំនុកចិត្តថា ចំណងទ្វេភាគីនឹងត្រូវបានពង្រឹងបន្ថែមទៀត។
ខណៈពេលរដ្ឋបាលខេត្ត បានត្រៀមខ្លួនរួចជាស្រេច និងកំពុងបន្តដំណើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃការតម្រង់ទិស របស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយ អំពីការជំរុញឱ្យវិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ជា វិស័យឈានមុខ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាជននៅខេត្តស្ទឹងត្រែងកាន់តែធូរធារល្អប្រសើរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងថា សព្វថ្ងៃនេះ ទាំងប្រទេសវៀតណាម និងកម្ពុជា មានសន្តិភាព និងឯករាជ្យភាពពេញលេញ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានចូលដំណាក់កាលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក កាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាព។
កម្ពុជា-វៀតណាម បានឯកភាពពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោមបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង”។
ជាមួយនឹងការតម្រង់ទិសនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
នាឱកាសនោះផងដែរ ឯកឧត្តម អគ្គរដ្ឋទូតវៀតណាម បានសន្យាលើការជំរុញការវិនិយោគបន្ថែមទៀត លើ វិស័យ កសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ស្របតាមកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦ ដល់២០២៣ ដែលថ្នាក់នាំប្រទេសទាំង២ចាត់ទុកជារឿងសំខាន់៕










