ឯកអគ្គរដ្ឋទូតចិន​នៅកម្ពុជា​៖​ កម្មវិធីប្រកួត «ស្ពានភាសាចិន» មិនត្រឹមតែជាវេទិកាសម្រាប់និស្សិតកម្ពុជាក្នុងការបង្ហាញសមត្ថភាពភាសាប៉ុណ្ណោះទេ ថែមទាំងជាស្ពានវប្បធម៌ដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត

ចែករំលែក៖

ភ្នំពេញ៖ វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួត “ស្ពានភាសាចិន” ពិភពលោក លើកទី២៥ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង គណៈកម្មការ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សិស្សានុសិស្ស និងបេក្ខជនជ័យលាភីទាំង ១៤ រូប។

ក្នុងឱកាសនោះ លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា កម្មវិធីប្រកួត «ស្ពានភាសាចិន» មិនត្រឹមតែជាវេទិកាសម្រាប់និស្សិតកម្ពុជាក្នុងការបង្ហាញសមត្ថភាពភាសាប៉ុណ្ណោះទេ ថែមទាំងជាស្ពានវប្បធម៌ដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។ លោកទូតបានបន្តថា ភាសាចិនបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការតភ្ជាប់ដួងចិត្តនៃប្រជាជន និងយុវជនជំនាន់ក្រោយ ដោយជំរុញឱ្យមានការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងរួមចំណែកដល់ការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំ ប្រកបដោយនិរន្តរភាព និងការរីកចម្រើនលើគ្រប់វិស័យ។

ជាការឆ្លើយតប លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងកម្ពុជានិងចិន។ លទ្ធផលជាផ្លែផ្កានេះ បានបើកឱកាសឱ្យសិស្ស-និស្សិតកម្ពុជា បានស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសចិន សំដៅពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖«ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី បានក្លាយជាគំរូដ៏ល្អនៃទំនាក់ទំនងអន្តរជាតិ។ កម្ពុជានិងចិន មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ថែមទាំងជាមិត្តដែកថែបដែលជឿជាក់ និងគាំទ្រគ្នាគ្រប់កាលៈទេសៈ ទាំងលើការការពារអធិបតេយ្យភាព សន្តិសុខ ផលប្រយោជន៍ជាតិ ព្រមទាំងរួមគ្នាការពារសច្ចធម៌ និងយុត្តិធម៌អន្តរជាតិផងដែរ»។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សេចក្ដីក្លាហាន និងទេពកោសល្យរបស់បេក្ខជនទាំងអស់ និងជឿជាក់ថា ការប្រកួតប្រចាំឆ្នាំនេះ នឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា ព្រមទាំងបណ្ដុះបណ្ដាលកម្លាំងយុវជនបន្តវេន ដើម្បីមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ។

សូមជម្រាបជូនថា ការប្រកួត “ស្ពានភាសាចិន” ពិភពលោក លើកទី២៥ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជានាឆ្នាំនេះ មានបេក្ខជនចូលរួមសរុបចំនួន ២៣២ រូប មកពីបណ្ដាគ្រឹះស្ថាន និងអង្គភាពចំនួន ១២។ ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គណៈកម្មការបានចម្រាញ់រកឃើញបេក្ខជនឆ្នើមចុងក្រោយចំនួន ១៤ រូប សម្រាប់វគ្គផ្ដាច់ព្រ័ត្រ។

ជាលទ្ធផល បេក្ខជន លឹម ម៉េងឃាង បានតស៊ូជម្នះនាសង្វៀនប្រកួត និងដណ្តើមបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួត “ស្ពានភាសាចិន” ពិភពលោក លើកទី២៥ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ប្រកបដោយមោទនភាពដ៏ខ្ពង់ខ្ពស់៕ដោយ​៖តារា​

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print