លោក គន់ គីម ចុះដល់ខ្នងផ្ទះពលរដ្ឋភៀសសឹកនៅស្វាយចេក ជំរុញការសាងសង់ជម្រក និងដោះស្រាយប្រភពទឹកជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ៖  សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក គឺជាអាទិភាពដ៏ចម្បងបំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ។ នេះជាការបញ្ជាក់យ៉ាងឱឡារិករបស់ លោក កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ក្នុងឱកាសអញ្ជើញបន្តចុះសាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរស់នៅជាក់ស្តែងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹក ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ។

     បេសកកម្មមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់នេះ ក៏មានការអមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឱ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារបច្ចេកទេសជាច្រើនរូបទៀតផងដែរ។

     ទោះបីជាចំថ្ងៃសៅរ៍ចុងសប្តាហ៍ ដែលជាពេលវេលាសម្រាកយ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំមិនបានបង្អង់ដៃឡើយ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍យ៉ាងស្និទ្ធស្នាលថា ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខ្ញុំបានចុះពិនិត្យសកម្មភាពការងារកាយស្តារប្រឡាយទឹក ដើម្បីរៀបចំប្រភពទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងការខួងអណ្តូងទឹក និងការសាងសង់ផ្ទះសម្រាប់ប្រជាពលរដ្ឋភៀសសឹកបន្ថែមទៀត នៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេកនេះតែម្តង។

     សកម្មភាពកាយស្តារប្រឡាយ និងខួងអណ្តូងទឹកនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបានថា បងប្អូនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅថ្មីនៅទីនេះ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ មិនឱ្យជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃឡើយ។

    ឆ្លៀតក្នុងឱកាសជួបជុំនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីភាពហ្មត់ចត់ និងការបើកចំហរក្នុងការទទួលយកមតិកែលម្អ ដោយឯកឧត្តមបានសង្កត់ធ្ងន់ និងស្នើដល់ប្រជាពលរដ្ឋថាចំពោះបញ្ហាប្រឈម ឬចន្លោះប្រហោងដោយប្រការណាមួយទៅលើការសាងសង់ផ្ទះ សូមបងប្អូនប្រជាពលរដ្ឋភៀសសឹកផ្តល់ព័ត៌មាន និងរាយការណ៍ផ្ទាល់ទៅអាជ្ញាធរមូលដ្ឋាន ឬស្នាក់ការក្រុមការងារដែលប្រចាំការនៅទីនោះ ដើម្បីឱ្យអាជ្ញាធរអាចចុះពិនិត្យ និងដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា និងស្របតាមស្តង់ដារបច្ចេកទេស។

    រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី បានរៀបចំផែនការមេយ៉ាងយកចិត្តទុកដាក់សម្រាប់ពលរដ្ឋភៀសសឹក។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានលើកឡើងជូនពលរដ្ឋឱ្យបានជ្រាបពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដោះស្រាយជូននូវតម្រូវការចាំបាច់ជាកញ្ចប់ រួមមាន

 ជម្រកស្នាក់នៅសមរម្យ និងមានសុវត្ថិភាព។

 ហេដ្ឋារចនាសម្ព័ន្ធអប់រំ អគារសាលារៀនសម្រាប់កូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រ។

 *ៗសេវាសុខាភិបាល មានក្រុមគ្រូពេទ្យប្រចាំការជួយមើលថែទាំសុខភាព។ការផ្គត់ផ្គង់ស្បៀងអាហារ ទឹក ភ្លើង និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងម៉ឺងម៉ាត់។

     ទាក់ទិននឹងវឌ្ឍនភាពនៃការសាងសង់ជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់ព័ត៌មានឱ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមការងារបានសាងសង់ផ្ទះរួចរាល់ និងបានជូនបងប្អូនភៀសសឹកចូលរស់នៅបានចំនួនជាង ២,៨០០ គ្រួសារហើយ លើផែនការគម្រោងសរុបជាង ៣,០០០ គ្រួសារ។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងតែបន្តបុកគ្រឹះ ជម្រុញការសាងសង់បន្ថែមទៀតយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋភៀសសឹកដែលនៅសេសសល់។

     ទោះបីជាត្រូវឆ្លងកាត់ការលំបាក ដោយសារការបាត់បង់ផ្ទះសម្បែង និងអាជីវកម្មនៅតំបន់បឹងត្រកួនយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋភៀសសឹកទាំងអស់នៅតែបង្ហាញទឹកមុខញញឹម និងក្តីសង្ឃឹមយ៉ាងមុតមាំ។ ពួកគាត់បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាល ដែលមិនដែលបោះបង់ពួកគាត់ចោល និងបានគិតគូរដោះស្រាយបញ្ហាសុខទុក្ខជូនពួកគាត់ជាបន្តបន្ទាប់តាំងពីដើមរហូតមក។

...

លើសពីនេះទៅទៀត បងប្អូនប្រជាពលរដ្ឋបានបង្ហាញនូវសាមគ្គីភាព និងការជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលក្នុងការការពារ និងទាមទារទឹកដីព្រំដែនមកវិញជូនប្រជាជន ដោយឈរលើគោលការណ៍ច្បាប់ និងសន្តិវិធី ធានាបាននូវបូរណភាពទឹកដីសម្រាប់កូនចៅខ្មែរគ្រប់ៗជំនាន់៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print