សម្តេចតេជោ ហ៊ុន សែន៖ មិនអាចជោគជ័យបានទេ បើកម្ចាត់ត្រឹមក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការបោសសំអាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែជាកិច្ចការចាំបាច់សម្រាប់កម្ពុជា។ ក្នុងនោះសម្តេចតេជោ បានសង្កត់ធ្ងន់ថា ការបោសសំអាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើឡើងទន្ទឹមគ្នារវាង ការ បោសសំអាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធ។

ការចង្អុលបង្ហាញនូវវិធានការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ សម្តេចតេជោ បានដាក់ចេញពីកម្រិត។

កម្រិតទី១៖ អ្នកដែលជាប់ពាក់ព័ន្ធមិនត្រឹមតែដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខ តុលាការ ថែមទៀត។ សម្រាប់កម្រិតទី១ សម្តេចតេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត

កម្រិតទី២៖ ដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយខេត្ត ចៅហ្វាយស្រុកនានា មិនអើពើ មិនធ្វើ ដកចេញទៅ។

លោក ជា ធីរិទ្ធ បានដកស្រង់ប្រសាសន៍ដើមរបស់សម្តេចមកបញ្ជាក់ដូច្នេះ ««អ្នកមិនអាចទទួលជោគ ជ័យ បានទេ បើអ្នកដើរទៅវាយអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ»។

លោក ជា ធីរិទ្ធ បានដកស្រង់ប្រសាសន៍ដើមរបស់សម្តេចមកបញ្ជាក់ទៀតថា «គ្មានការយោគយល់ ណា មួយអាចទៅរួច នៅពេលដែលអ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំមាន គុណសម្បត្តិចំពោះជាតិ កុំនិយាយថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសំអាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ សម្តេចតេជោ បានណែនាំឱ្យដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណា ដែលមិនព្រមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

សូមបញ្ជាក់ថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ជាថ្មីថា ការងារបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តធ្វើ ដោយគ្មានបន្ធូរដៃឡើយ។នេះប្រកាសនេះ ធ្វើឡើងក្នុងពេលសម្តេចដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ឧសភា។នេះបើយោងតាមប្រសាសន៍របស់ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។

ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និង កងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់។

តែយ៉ាងណាសម្តេចនាយករដ្ឋមន្ត្រីនៅតែមើលឃើញថា នៅមានសេសសល់បញ្ហាមួយចំនួនទៀតដែលត្រូវបន្តធ្វើដោយគ្មានបន្ធូរដៃឡើយ។ សម្តេច បានផ្ញើសារច្បាស់លាស់ និង យ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print