ខេត្តកំពង់ចាម៖ ការហក់ឡើងខ្លាំង កម្ពស់ទឹកទន្លេមេគង្គបានធ្វើឲ្យស្រុកមួយចំនួននៅតាមបណ្តោយដងទន្លេកំពុង ប្រឈមនឹងការប៉ះពាល់ ។ មន្ត្រីមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា នេះ កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងដល់កម្ពស់ប្រមាណ១៣ម៉ែត្រ ហើយការហក់ឡើងឆាប់រហ័សនៃកម្ពស់ទឹកទន្លេមេគង្គនេះបានធ្វើឲ្យមានផលប៉ះពាល់ស្រុកជាច្រើននៅក្នុងខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាន ទឹក និង ឧតុនិយម ខេត្តកំពង់ចាមបានថ្លែង ថា មកដល់ពេលនេះទឹកទន្លេមេគង្គបាន បង្កឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជា ច្រើនខ្នងនិងលិចផ្លូវលំមួយខ្សែបង្កការបាក់ដីច្រាំងទន្លេជាច្រើនកន្លែងផងដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានឱ្យដឹកថា ទឹកជំនន់បានធ្វើឱ្យ ខូចខាត និង លិចលង់ ផ្លូវលំមួយកន្លែង ស្ថិត នៅក្នុងភូមិស្រះចក ឃុំទន្លេបិទ ស្រុកត្បូង ឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំណាត់ផ្លូវនោះចេញ ពីឃុំទន្លេបិទឆ្ពោះទៅស្រុកកោះសូទិនខេត្ត កំពង់ចាម ហើយរហូតមកដល់បច្ចុប្បន្ន កំណាត់ផ្លូវនេះនៅតែបន្តលិចលង់ដដែល តែប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវសែនតស៊ូ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ កម្លាំង សមត្ថកិច្ចមូលដ្ឋានបានចុះជួយរុះរើផ្ទះ និង ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិ ភាព ដោយសារការបាក់ស្រុតដីច្រាំងទន្លេ ក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្ត កំពង់ចាម និងបាក់ដីច្រាំងទន្លេជាច្រើនម៉ែត្រទៀត នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដែលធ្វើឲ្យស្រុតផ្ទះមួយខ្នងចូលទន្លេ និង ផ្ទះ៦ខ្នងត្រូវបានរុះរើទៅកាន់ទីមានសុវត្ថិភាព ។
លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការ នគរបាលខេត្តកំពង់ចាមបានឱ្យដឹងដែរថា បញ្ហាទឹកជំនន់ទន្លេមេគង្គ ខេត្តកំពង់ចាម និងត្បូងឃ្មុំ កម្លាំងសមត្ថកិច្ចបាននិងកំពុង បន្តចុះជួយប្រជាពលរដ្ឋ ។ ស្រុកជាច្រើន ដែលត្រូវប្រឈមនឹងការបាក់ស្រុតដីច្រាំងទន្លេជាបន្តបន្ទាប់ ដូចជាស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកកំពង់សៀម ស្រុកស្ទឹង ត្រង់ ស្រុកកងមាស ខេត្តកំពង់ចាម និង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលតម្រូវឲ្យមានការរុះរើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៅកាន់ទីទួលសុវត្ថិភាព ៕
ដោយ៖ ហេង នរិន្ទ្រ