Update ៖ កម្ពុជាធ្វើការតវ៉ាជាថ្មីចំពោះការបន្តរំលោភបំពានរបស់ភាគីថៃនិងមិនទទួលស្គាល់ខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត

ចែករំលែក៖

ក្រសួងការបរទេសនិងសហប្រតិបត្តិការនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅក្នុងតំបន់ដែលកងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការតវ៉ាថ្មីៗនេះពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារនិងឧត្តរមានជ័យព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាតឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេហើយសកម្មភាពរបស់ភាគីថៃនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទង នឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យប្រទេសថៃគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីស្តារឡើងវិញនូវជំនឿនិងទំនុកចិត្តគ្នាទៅវិញទៅមកព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនរួមរវាងប្រទេសទាំងពីរស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print