សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!!!

ចែករំលែក៖

ខ្ញុំបាទ ភឺន ផល្លា តាងនាមឱ្យថ្នាក់ដឹកនាំ បុគ្គលិក និងកម្មករ-កម្មការិនីទាំងអស់ នៃរោងចក្រផលិតអាវក្រោះការពារគ្រាប់ និងមួកការពារគ្រាប់ ម៉ាក DSS សូមលំឱនកាយវាចាចិត្ត គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

ខ្ញុំបាទ និងក្រុមការងារព្រមទាំងបុគ្គលិក កម្មករ-កម្មការិនីទាំងអស់ ពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបឥតឧបមា ដោយ សម្តេចតេជោ បានផ្តល់នូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកបំផុត អញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនៅរោងចក្រ DSS របស់សម្តេច ដោយផ្ទាល់ នាឱកាសនេះ។ លើសពីនេះទៅទៀត សម្តេចតេជោ បានមានសន្តានចិត្តដ៏ប្រពៃ ចុះសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល និងបានប្រគល់នូវអំណោយជាថវិកា ជូនដល់បុគ្គលិក និងកម្មករ-កម្មការិនីទាំងអស់ថែមទៀតផង។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គឺជាមោទនភាព និងជាកម្លាំងចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់រូបខ្ញុំបាទ និងបុគ្គលិកគ្រប់ជាន់ថ្នាក់។ ជាការតបស្នង និងដើម្បីបង្ហាញនូវសេចក្តីដឹងគុណ យើងខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចងចាំ និងខិតខំអនុវត្តតាមគ្រប់អនុសាសន៍ណែនាំរបស់ សម្តេច ដើម្បីបន្តអភិវឌ្ឍ និងពង្រឹងគុណភាពនៃសង្វាក់ផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ជាទីបញ្ចប់ ខ្ញុំបាទ និងក្រុមការងារព្រមទាំងបុគ្គលិក កម្មករ-កម្មការិនីទាំងអស់ សូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូម សម្តេច ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសម្រេចបាននូវជោគជ័យថ្មីៗជាបន្តបន្ទាប់ ក្នុងគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងសូមសមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេច មេត្តាទទួលនូវគារវកិច្ច និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ ភឺន ផល្លា។
ខេត្តបាត់ដំបង | នារសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print