សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ ថា ករណីលួចម៉ូតូ១ គ្រឿងបានកើត ឡើងនៅវេលាម៉ោង ០២:៣០ នាទីរំលងអធ្រាត្រ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដែលបណ្តាលឱ្យជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ ឌីណេត ហៅ ពៅ អាយុ ៣៨ឆ្នាំ មុខរបរបើកគ្រឿងចក្រ (អេស្កាវទ័រ) ស្នាក់នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន ឌីណា ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ក្រោយការធ្វើតេស្តទឹកនោម សមត្ថកិច្ចបានរកឃើញមានសារធាតុញៀន (លទ្ធផល +)។ ចំណែកបក្ខពួកចំនួន ០២ នាក់ទៀត រួមមានឈ្មោះ ភា និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ស្លាកលេខ 1LW-0309, សោខ្សៀលេខ១០, កន្ត្រៃដែក, សោជំពាមលេខ១៤+១០, ខ្សែកលោហៈពណ៌ទង់ដែងចំនួន ២ខ្សែ និងឧបករណ៍ដោះប៊ូស៊ីមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួនបាន កំពុងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ ការតាមផ្លូវច្បាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print