ការជំរុញទេសចរណ៍សាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា

ចែករំលែក៖

 

មីយ៉ាន់ម៉ា​៖​ ក្រសួងទេសចរណ៍​ នៅព្រឹកថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយ លោក Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌មីយ៉ាន់ម៉ា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព នៅទីក្រុងយ៉ាងហ្គូន។

ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ លោក Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌មីយ៉ាន់ម៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា និងកិច្ចសហប្រតិបត្តិការទេសចរណ៍ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមកទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអនុតំបន់។

តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមក តាមរយៈកិច្ចព្រមព្រៀង និងផែនការសកម្មភាពរួមនានា ព្រមទាំងការសហការក្នុងក្របខណ្ឌតំបន់ និងអនុតំបន់ ដូចជា អាស៊ាន GMS ACMECS និង CLMV។

តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-មីយ៉ាន់ម៉ាឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍។ ជាពិសេស ភាគីទាំងពីរបានឯកភាពជំរុញការផ្សព្វផ្សាយទេសចរណ៍រួម ការរៀបចំកញ្ចប់ទស្សនកិច្ច និងការធ្វើទីផ្សាររួមក្រោមមូលបទ «ប្រទេសពីរ គោលដៅមួយ» ដើម្បីបង្កើនលំហូរទេសចររវាងប្រទេសទាំងពីរ និងទាក់ទាញទេសចរពីប្រទេសទីបីមកទស្សនាប្រទេសទាំងពីរ ព្រមទាំងការគាំទ្រលើការរៀបចំកម្មវិធី Joint Cambodia-Myanmar Tourism Conference និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមប្រកបដោយភាពទាក់ទាញ។

បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញទេសចរណ៍សាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងគាំទ្រការរៀបចំកញ្ចប់ទស្សនកិច្ច និងសកម្មភាពផ្សព្វផ្សាយរួម ដើម្បីលើកកម្ពស់ទេសចរណ៍បែបធម្មយាត្រានិងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរថា មីយ៉ាន់ម៉ា គឺជាប្រទេសដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍វប្បធម៌ និងទេសចរណ៍សាសនា ដោយមានគោលដៅទេសចរណ៍ល្បីល្បាញជាច្រើន ដូចជា តំបន់បេតិកភណ្ឌបាហ្គាន វត្ត Shwedagon និងវត្ត Sule ដែលជាគោលដៅទាក់ទាញទេសចរអន្តរជាតិ និងមានសក្តានុពលក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍រួមជាមួយកម្ពុជា។

...

គួរបញ្ជាក់ថា​ កម្មវិធីទី៣ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា​ ទីក្រុងយ៉ាងហ្គូន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print