កំពង់ចាម៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម កាលពីរសៀលម្សិលមិញ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកព្រៃឈរ កងរាជអាវុធហត្ថ និងសហគមន៍នេសាទក្នុងតំបន់ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នារដូវបិទនេសាទ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងការដឹកនាំរបស់អាជ្ញាធរខេត្ត។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបបានចំនួន ២ករណី ដោយរុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន រួមមាន លូស្បៃមុង ៥មាត់ របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ បង្គោល ៧៥ដើម និងបានចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ ១គីឡូក្រាម ត្រឡប់ទៅធម្មជាតិវិញ។ ករណីទី២ សមត្ថកិច្ចបានរុះរើសម្រាស់ចំនួន ៣កន្លែង នៅតំបន់ឃុំមៀន ស្រុកព្រៃឈរ។
បន្ទាប់ពីប្រតិបត្តិការចប់ ក្រុមការងារបានបន្តចុះល្បាតតាមដងទន្លេមេគង្គ ចាប់ពីក្រុងកំពង់ចាម ដល់ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដោយមិនបានប្រទះឃើញបទល្មើសនេសាទបន្ថែមឡើយ។
មន្ត្រីជំនាញបានបញ្ជាក់ថា នឹងបន្តការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមបណ្តាលទន្លេ បឹង និងព្រែក ក្នុងខេត្តកំពង់ចាម ព្រមទាំងផ្សព្វផ្សាយឱ្យប្រជានេសាទគោរពច្បាប់ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីថែរក្សាធនធានជលផលឱ្យបានយូរអង្វែង៕ជ្រោយពេជ្រ










