ភ្នំពេញ៖ ស្ត្រីម្នាក់មានជំងឺបេះដូងប្រចាំកាយច្រើនឆ្នាំមកហើយ មុនពេលហូបបាយថ្ងៃត្រង់ គាត់បានត្អូញប្រាប់ប្ដីថាមិនស្រួលខ្លួន បន្ទាប់មកក៏លេបថ្នាំព្យាបាលបេះដូង រួចក៏ឡើងដេកលើអង្រឹង ចំណែកបុរសជាប្ដីក្រោយពេលហូបបាយថ្ងៃត្រង់រួច ក៏បានចេញទៅធ្វើការសំណង់បាត់ទៅ ។ ក្រោយមកដោយឃើញគាត់ដេករយៈពេល៣ម៉ោងហើយ មិនឃើញក្រោកនិងរើបម្រះសោះចៅរបស់គាត់២នាក់ ក៏បានទៅហៅនិងស្ទាបមើលស្រាប់តែរឹង ក៏បាននាំគ្នារត់ទៅប្រាប់ប្ដីរបស់គាត់ដែលកំពុងធ្វើការថា «តាៗយាយដេកលើអង្រឹងរឹងក្រញង់បាត់ហើយ » ពេលនោះប្ដីគាត់ក៏ប្រញាប់ទៅមើល ក៏ឃើញគាត់ស្លាប់មានសភាពរឹងបាត់ទៅហើយ ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងខ្ទមស្នាក់នៅក្បែរការដ្ឋានសំណង់១កន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ស្ត្រីដែលស្លាប់ខាងលើនោះឈ្មោះ ចាន់ ធូ អាយុ៥៨ឆ្នាំ ចំណែកបុរសជាប្ដីឈ្មោះអ៊ុយ ចាន់ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិសុចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ត តាកែវ សព្វថ្ងៃស្នាក់នៅក្នុងខ្ទមខាងលើ ។
លោកអ៊ុយ ចាន់ និយាយថា ប្រពន្ធរបស់លោកមានជំងឺបេះដូងប្រចាំកាយច្រើនឆ្នាំមកហើយ ដោយបានលេប ថ្នាំព្យាបាលជាប់ជាប្រចាំរហូតមិនដែលដាច់ ហើយកន្លងមកជំងឺឧស្សាហ៍ធ្វើទុកណាស់ ។ សព្វថ្ងៃនេះលោកបានធ្វើជាជាងសំណង់ នៅការដ្ឋានសំណង់ជិតកន្លែងស្នាក់នៅនោះដែរ ដោយឲ្យប្រពន្ធនៅចាំខ្ទមនិងមើលថែចៅ២នាក់ ព្រមទាំងចាត់ចែងបាយទឹកសម្រាប់គ្រួសារផងែរ ។ ដោយឡែកនៅថ្ងៃកើតហេតុវេលាម៉ោង១១ព្រឹក មុនពេលហូបបាយថ្ងៃត្រង់ ប្រពន្ធលោកបានត្អូញប្រាប់ថាមិនស្រួលខ្លួន បន្ទាប់មកក៏លេបថ្នាំព្យាបាលបេះដូង រួចក៏ឡើងដេកលើអង្រឹងនៅក្នុងរោងនោះ ។
ជាងសំណង់រូបនេះនិយាយបន្តថា ចំណែករូបលោកក្រោយពេលហូបបាយថ្ងៃត្រង់រួច ក៏បានចេញទៅធ្វើការដូចរាល់ដង ហើយក្រោយមកមិនបានដឹងរឿងអ្វីទេ ។ ប៉ុន្តែដោយសារតែឃើញជីដូនដេកយូពេក៣ម៉ោងហើយមិនឃើញក្រោកនិងរើបម្រះសោះ ចៅរបស់គាត់២នាក់នោះ ក៏បានទៅហៅនិងស្ទាបមើលឃើញជីដូនរឹង ។ បន្ទាប់មកក៏បាននាំគ្នារត់ទៅប្រាប់លោកដល់ការដ្ឋានសំណង់ថា «តាៗយាយយាយដេកលើអង្រឹងរឹងក្រញង់បាត់ហើយ »ពេលនោះលោកក៏ឈប់ធ្វើការហើយរត់ទៅមើល ឃើញប្រពន្ធស្លាប់រឹងបាត់ទៅហើយ ទើបរាយការណ៍ជូននគរបាលតែម្ដង ។
ក្រោយពេលទទួលបានដំណឹងនោះនគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល សហការជាមួយនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការពិនិត្យកោសល្យវិច័យសពហើយ ៕










