ក្នុងដំណើរឆ្ពោះទៅបំពេញការងារដ៏មមាញឹក នៅខេត្តកំពត កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងទៅនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តឆៀងចូលឈ្វេងយល់ អំពីជីវភាពការងារជាក់ស្ដែងរបស់មន្ត្រីនគរបាលជាតិ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនៅសាលាឃុំ ក្នុងខេត្តតាកែវ និងខេត្តកំពត។
ឆ្លងកាត់ទឹកដីស្រុកបាទីជាប់ស្រុកគងពិសី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឆៀងចូលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ស្ថិតនៅឃុំសូរភី ដែលស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងពេលមន្ត្រីកំពុងមមាញឹកបំពេញភារកិច្ច តាមបណ្ដាគោលដៅនានា ក្នុងភូមិទាំង៨ នៃឃុំសូរភី។
ស្ថិតនៅតំបន់ប្រជុំជនជាប់ផ្លូវជាតិលេខ៣ ឃុំសូរភីមានប្រជាជនប្រមាណ១ម៉ឺននាក់ មានបន្ទប់ជួលកំពុងទទួលការស្នាក់នៅប្រមាណ១ពាន់បន្ទប់ និងមានរោងចក្រ-សហគ្រាសចំនួន១៥កន្លែង។ ក្រៅពីភាពជាក់ស្ដែងនៅកន្លែងបំពេញការងារ នៅទីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានទទួលសេចក្ដីរាយការណ៍ផ្ទាល់ ពីលោកនាយប៉ុស្តិ៍ នាយរង និងមន្ត្រីប៉ុស្តិ៍ អំពីបទពិសោធការងារជាក់ស្ដែង ពិសេសការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវានានាជូនប្រជាពលរដ្ឋ។
ជំនួបនេះ ក៏បានផ្ដល់ឱកាសជូនប្រមុខក្រសួងមហាផ្ទៃ ទទួលបានសំណូមពរ និងការចូលរួមបញ្ចេញទស្សនៈយោបល់ល្អៗពីមន្ត្រី ដើម្បីកែលម្អការអភិវឌ្ឍប៉ុស្តិ៍នគរបាលរដ្ឋបាល រួមទាំងការងារដែលថ្នាក់ដឹកនាំសម្រេច និងប្រគល់ឱ្យថ្នាក់ក្រោមអនុវត្ត និងការងារដែលបងប្អូនថ្នាក់ក្រោមបានជួបប្រទះ ក្រោមបន្ទាត់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅ និងមានជំនឿចិត្តលើការបំពេញតួនាទីភារកិច្ចរបស់មន្ត្រី ហើយមន្ត្រីក៏មានមោទកភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរក្នុងជីវភាពការងារ។
ការអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិសប្តាហ៍សុវត្ថិភាពចរាចរណ៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៅពិនិត្យស្ថានភាពនៅពន្ធនាគារខេត្តកែប មុនត្រឡប់មកកាន់រាជធានីភ្នំពេញ។ តាមផ្លូវឆ្ពោះមកកាន់រាជធានី ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តបត់ដំណើរចូលក្នុងមូលដ្ឋានឃុំឈូក ស្រុកឈូក ខេត្តកំពត ដើម្បីសួរសុខទុក្ខ និងឈ្វេងយល់អំពីជីវភាពការងារប្រចាំថ្ងៃរបស់មន្រ្តីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក និងមន្រ្តីនៅសាលាឃុំឈូក។
តាមរយៈជំនួប ប្រព្រឹត្តទៅនៅតុប្រជុំនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក ឯកឧត្តមអភិសន្តិបណ្ឌិត ក្ដាប់បានបន្ថែមទៀតនូវព័ត៌មាន និងតម្រូវការជាក់ស្ដែងរបស់មន្ត្រី ដូចជា ប្រភពចែកចាយសារធាតុញៀនយកមកប្រើប្រាស់ក្នុងមូលដ្ឋានឃុំឈូក តម្រូវការសន្លឹកសៀវភៅស្នាក់នៅ សេវាអត្តសញ្ញាណបណ្ណ តម្រូវការម៉ូតូប្រដេញបទល្មើស កន្លែងស្នាក់នៅរបស់មន្រ្តី ព្រមទាំងសំណូមពរ និងទស្សនៈមួយចំនួន ដែលមន្រ្តីចង់ចូលរួមពង្រឹងកិច្ចការប៉ុស្តិ៍។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញក្ដីរីករាយ ចូលរួមអបអរសាទរជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋឃុំឈូកទាំងមូល ដែលទើបទទួលបានមន្រ្តីនគរបាលជាតិ២រូប ជាកូនចៅអ្នកឃុំឈូកនេះផ្ទាល់ មកបំពេញការងារនៅប៉ុស្តិ៍នគរបាលឃុំ ដោយឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថានេះជាផ្លែផ្កានៃកំណែទម្រង់ប៉ុស្តិ៍នគរបាល ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាថ្នាចង់បាន។
ចេញពីប៉ុស្តិ៍នគរបាល ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តដំណើរចូលទៅជួបលោកអ៊ំមេឃុំ សមាជិកក្រុមប្រឹក្សា និងស្មៀនឃុំឈូក។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងលើកទឹកចិត្តចំពោះទិដ្ឋភាពជាក់ស្ដែងនៅរដ្ឋបាលសាលាឃុំ ដែលទីធ្លាខាងក្រៅ និងកន្លែងបំពេញការងារខាងក្នុង មានសោភ័ណភាព និងរបៀបរៀបរយល្អ។ តាមរយៈ ជំនួបជាមួយមេឃុំ និងស្មៀនឃុំឈូក ឯកឧត្តមអភិសន្តិបណ្ឌិត បានទទួលព័ត៌មានល្អៗមួយចំនួនបន្ថែមទៀត ក្នុងនោះក៏រួមទាំងសក្ដានុពល និងបញ្ហាប្រឈមក្នុងការងារបម្រើសេវានៅយន្តការច្រកចេញចូលតែមួយឃុំ ដែលជាធាតុចូលដ៏សំខាន់ សម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ជាតិ៕










