ហ្គាដាឡាហារ៉ា, ម៉ិកស៊ិក – ក្រុមម្ចាស់ផ្ទះរួម ម៉ិកស៊ិក បានក្លាយជាប្រទេសដំបូងគេដែលធានាកៅអីទៅកាន់វគ្គ ៣២ក្រុមចុក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup 2026 បន្ទាប់ពីយកឈ្នះ កូរ៉េខាងត្បូង ដោយលទ្ធផល ១-០ ក្នុងការប្រកួតពូល A កាលពីថ្ងៃព្រហស្បតិ៍។
គ្រាប់បាល់ជ័យជម្នះតែមួយគត់កើតឡើងនៅនាទីទី៥០ ដោយខ្សែបម្រើ Luis Romo ដែលបានឆក់ឱកាសស៊ុតបញ្ចូលទីទទេ បន្ទាប់ពីអ្នកចាំទី Kim Seung-gyu ទម្លាក់បាល់ ក្រោយការប៉ះទង្គិចជាមួយមិត្តរួមក្រុម Lee Gi-hyuk នៅក្នុងប្រអប់គ្រោះថ្នាក់។
កូរ៉េខាងត្បូងមានឱកាសល្អបំផុតក្នុងការតាមស្មើនៅនាទីទី៨៧ នៅពេល Cho Gue-sung តែតបាល់ពីចម្ងាយជិតទី ប៉ុន្តែត្រូវបានអ្នកចាំទី Raul Rangel សង្គ្រោះបានយ៉ាងអស្ចារ្យ មុននឹងទប់ស្កាត់ការស៊ុតបន្ថែមរបស់ Yang Hyun-jun បានទៀត។
មុននោះ ប្រធានក្រុម Son Heung-min ក៏ធ្លាប់ស៊ុតរំលងអ្នកចាំទី Rangel បានដែរ ប៉ុន្តែបាល់ត្រូវបានខ្សែការពារ Edson Alvarez ជួយសង្គ្រោះនៅលើបន្ទាត់ទី ខណៈអាជ្ញាកណ្ដាលបានលើកទង់បង្ហាញថាជាជំហរអកហ្វសាយ។
ក្រោមការគាំទ្រយ៉ាងកក្រើកពីអ្នកគាំទ្រម្ចាស់ផ្ទះ ម៉ិកស៊ិកបានគ្រប់គ្រងការប្រកួតបានល្អជាង បើទោះបីអ្នកគាំទ្របានស្រែកហ៊ោប្រឆាំងក្រុមរបស់ខ្លួននៅចុងតង់ទី១ ដោយសារការលេងមិនសូវមានគ្រោះថ្នាក់ក៏ដោយ។
នៅនាទីទី៧៥ ខ្សែប្រយុទ្ធ Raul Jimenez ស្ទើរតែបន្ថែមគ្រាប់ទី២ ប៉ុន្តែការស៊ុតពីមុំចង្អៀតរបស់គេត្រូវបាន Kim Seung-gyu សង្គ្រោះបាន។ ខណៈកីឡាករបម្រុង Obed Vargas ក៏បានបង្ខំឱ្យអ្នកចាំទីកូរ៉េខាងត្បូងលោតសង្គ្រោះបាល់យ៉ាងល្អនៅចុងការប្រកួតផងដែរ។
ជ័យជម្នះនេះធ្វើឱ្យក្រុមរបស់លោក Javier Aguirre បន្តការចាប់ផ្តើមដ៏ល្អនៅ World Cup 2026 និងធានាកៅអីទៅវគ្គ ៣២ ក្រុមចុងក្រោយ។
ម៉ិកស៊ិកនឹងធានាចំណាត់ថ្នាក់លេខ១ក្នុងពូល A ប្រសិនបើពួកគេមិនចាញ់ សាធារណរដ្ឋឆេក ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលនៅថ្ងៃព្រហស្បតិ៍ខាងមុខ។
ប្រសិនបើម៉ិកស៊ិកបញ្ចប់នៅកំពូលពូល ពួកគេនឹងបន្តលេងនៅទីក្រុង ម៉ិកស៊ិកស៊ីធី សម្រាប់វគ្គ ៣២ ក្រុម និងវគ្គ ១៦ ក្រុមចុងក្រោយ ដែលអាចមានឱកាសជួប អង់គ្លេស ប្រសិនបើក្រុមរបស់លោក Thomas Tuchel ឈ្នះពូលរបស់ខ្លួន និងឆ្លងផុតវគ្គ Knockout ជុំដំបូង។
ទោះបីរងបរាជ័យក៏ដោយ កូរ៉េខាងត្បូងនៅតែស្ថិតក្នុងទីតាំងល្អសម្រាប់ឆ្លងទៅវគ្គបន្ទាប់ បន្ទាប់ពីទទួលបានជ័យជម្នះលើសាធារណរដ្ឋឆេកក្នុងការប្រកួតបើកឆាក។ ពួកគេនឹងត្រូវជួប អាហ្វ្រិកខាងត្បូង ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល នៅទីក្រុង Monterrey៕










