ប្រេស៊ីលឡើងមកកំពូលតារាង ខណៈហៃទីជាក្រុមទីមួយធ្លាក់ចេញពី World Cup

ចែករំលែក៖

ក្រុមជម្រើសជាតិប្រេស៊ីល បានបង្ហាញទម្រង់លេងយ៉ាងល្អប្រសើរ ដោយយកឈ្នះក្រុមហៃទីក្នុងលទ្ធផល 3-0 ដើម្បីពង្រឹងឱកាសឡើងទៅវគ្គបន្ត ខណៈហៃទីបានក្លាយជាក្រុមដំបូងគេដែលត្រូវធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក 2026។

ខ្សែប្រយុទ្ធ Matheus Cunha បានឆ្លើយតបទៅនឹងទំនុកចិត្តរបស់គ្រូបង្វឹក Carlo Ancelotti ដោយស៊ុតបញ្ចូលទី 2 គ្រាប់ដំបូងរបស់ខ្លួននៅ World Cup ខណៈ Vinicius Junior ក៏រកបាន 1 គ្រាប់ និងបញ្ជូនបាល់ឱ្យ Cunha ស៊ុតបានទាំងពីរគ្រាប់ផងដែរ។

ទោះជាយ៉ាងណា ប្រេស៊ីលបានជួបដំណឹងមិនសូវល្អមួយ បន្ទាប់ពីខ្សែបម្រើស្លាប Raphinha ត្រូវប្តូរចេញនៅនាទីទី 40 ដោយសារបញ្ហារបួសជើង។

ក្រោយការប្រកួត លោក Ancelotti បានសម្តែងការពេញចិត្តចំពោះការកែលម្អរបស់ក្រុម បន្ទាប់ពីស្មើ 1-1 ជាមួយម៉ារ៉ុកក្នុងការប្រកួតបើកឆាក។ លោក Ancelottiបាននិយាយថា  “នេះជាអ្វីដែលខ្ញុំរំពឹងទុក។ ក្រុមលេងបានប្រសើរជាងមុន កំហុសតិចជាងមុន មានប្រសិទ្ធភាពក្នុងការបញ្ចប់ទី និងការពារបានរឹងមាំជាងមុន។ វាជាការប្រកួតដ៏ល្អមួយ។”

ជ័យជម្នះនេះបានធ្វើឱ្យប្រេស៊ីលមាន 4 ពិន្ទុ ស្ថិតនៅកំពូលពូល C លើសម៉ារ៉ុកដោយគ្រាប់បាល់ចំណេញ ខណៈស្កុតឡែនមាន 3 ពិន្ទុ បន្ទាប់ពីយកឈ្នះម៉ារ៉ុក 1-0 មុននេះ។

សម្រាប់ហៃទី វាជាការបញ្ចប់ក្តីសង្ឃឹមក្នុងការឡើងទៅវគ្គ 32 ក្រុមចុងក្រោយ ដោយនៅបាតតារាងគ្មានពិន្ទុសោះ បន្ទាប់ពីចាញ់ទាំងពីរប្រកួត។

ទោះបីជាចាញ់ក៏ដោយ គ្រូបង្វឹកហៃទី Sebastian Migne បានសរសើរកូនក្រុមរបស់ខ្លួនថា៖ “កីឡាកររបស់ខ្ញុំបានបង្ហាញថាពួកគេសមនឹងមានវត្តមាននៅ World Cup។ ប៉ុន្តែយើងកំពុងប្រកួតជាមួយប្រេស៊ីល ដែលមានគម្លាតគុណភាពខ្ពស់ជាងយើងខ្លាំង។”

ប្រេស៊ីលបើកការស៊ុតបញ្ចូលទីនៅនាទីទី 23 បន្ទាប់ពី Cunha ដាក់សម្ពាធលើខ្សែការពារគូប្រកួត ធ្វើឱ្យបាល់ចូលទីដោយខ្លួនឯង ក្រោយអ្នកចាំទី Johny Placide សង្គ្រោះបាល់ពីការស៊ុតរបស់ Vinicius មិនបានល្អ។

គ្រាប់ទីពីរកើតឡើងនៅនាទីទី 36 ពេល Vinicius បញ្ជូនបាល់យ៉ាងល្អឱ្យ Cunha រត់ចូលស៊ុតបញ្ចូលទីយ៉ាងស្រស់ស្អាត។

ចូលដល់ម៉ោងបន្ថែមនៃវគ្គទីមួយ Vinicius ក៏បានរកគ្រាប់ទីបីឱ្យប្រេស៊ីល បន្ទាប់ពីទទួលបាល់វែងពី Lucas Paqueta មុនស៊ុតផុតដៃអ្នកចាំទីហៃទី។

...

លទ្ធផល 3-0 នេះបានបង្ហាញថា ប្រេស៊ីលកំពុងវិលត្រឡប់មករកទម្រង់លេងដ៏គួរឱ្យខ្លាចរបស់ខ្លួនវិញ ខណៈការប្រកួតបន្ទាប់នឹងក្លាយជាការសាកល្បងដ៏សំខាន់សម្រាប់ក្រុមរបស់លោក Ancelotti ក្នុងការប្រជែងពាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print