ភ្នំពេញ: បុរសម្នាក់ដោយសារមួរម៉ៅខឹងគ្រួសារ បានបើករថយន្ត prius មួយគ្រឿងបុករះរថយន្ត lexus មួយគ្រឿងនិងម៉ូតូscoopy មួយគ្រឿងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្គហេតុបានដាច់កង់មុខម្ខាងធ្លាក់នៅនឹងកន្លែងកើតហេតុ រួចមិនទាន់អស់ល្បឿនបន្តទៅមុខជាង១០០ ម៉ែត្រទើបទៅមុខលែងរួច ហើយសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង ៥០នាទីយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខបុរីភ្នំពេញថ្មី តាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត prius មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2CC-2756 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន សង្ស័យស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្ត lexus nx 200t ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CF-9069ដែលបើកបរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចពីចំហៀងកង់ខាងក្រោយខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យវិលមួយជុំ។ចំណែករថយន្តបង្កបានដាច់កង់មុខម្ខាងធ្លាក់កណ្តាលផ្លូវ រួចរេចង្កូតទៅបុកម៉ូតូ
scoopy មួយគ្រឿងទៀតពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HM-6380ជិះដោយយុវជនម្នាក់ពេញទំហឹង តែសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់គ្រាន់តែរងរបួសស្រាល។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខជាង១០០ម៉ែត្រទៀតទើបទៅមុខលែងរួច។
ក្រោយកើតហេតុភ្លាមៗប្រជាពលរដ្ឋបាននាំគ្នាឃាត់អ្នកបើកបររថយន្តបង្ករួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីធ្វើការសាកសួរ ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ សីហា សែនសុខ










