ប្រធានាធិបតីរ៉ូម៉ានី នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានាធិបតី នៃប្រទេសរ៉ូម៉ានី នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ។

នេះជាការបញ្ជាក់របស់ លោកទីប្រឹក្សាពិសេស របស់ប្រធានាធិបតីរ៉ូម៉ានី និងជាបេក្ខភាពតំណែងអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នាឱកាសចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ 

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និង រីករាយ ដែលបានជួបជាមួយលោក  ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី និងប្រតិភូ ក្នុងដំណើរបំពេញទស្សនកិច្ច នៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់លោក និង ប្រតិភូ នឹងញ៉ាំងទំនាក់ទំនង រវាងកម្ពុជា និងរ៉ូម៉ានី ឱ្យកាន់តែរឹងមាំបន្ថែម ហើយក៏នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីឱ្យកាន់តែល្អប្រសើរថែមទៀត។

នេះបើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង នៅក្រោយជំនួប។

បើតាមប្រភពដដែល, ក្នុងឱកាសនោះ លោក ទីប្រឹក្សាពិសេស របស់ប្រធានាធិបតីរ៉ូម៉ានី បាននាំសារ របស់ប្រធានាធិបតី របស់លោក ថ្វាយព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង នាំសារសួរសុខទុក្ខ ចំពោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ផងដែរ។ លោកបានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងបន្ថែមទៀត ជាមួយគ្នា ។

ជាមួយគ្នានេះ នៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោក ក៏បានជម្រាបសម្ដេចតេជោថា លោកជាបេក្ខភាពតំណែង អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងបានចែករំលែកអំពីតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅក្នុងការពង្រឹង និង ពង្រីក នូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

លោក ក៏បានអបអរសាទរចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅក្នុងខែវិច្ឆិកា ខាងមុខ ដោយលោកចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះគឺជាឱកាសល្អ សម្រាប់កម្ពុជា ក្នុងការចូលរួមចំណែក នៅក្នុងក្របខ័ណ្ឌ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ។

លោក បានជម្រាបថា នៅក្នុងឱកាសដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នាពេលខាងមុខនេះ លោកប្រធានាធិបតីរ៉ូម៉ានី រួមជាមួយធុរជនជាច្រើនទៀត នឹងអញ្ជើញមកកាន់កម្ពុជាផងដែរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយលោកទីប្រឹក្សាពិសេស របស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី អំពីពហុភាគីនិយម ជាពិសេស នៅក្នុងក្របខ័ណ្ឌ ក្នុងតួនាទីរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណានៅក្នុងនាមជាអង្គការ ដែលមានសមាជិកដ៏ច្រើនដែលបច្ចុប្បន្ន មានសមាជិកពេញសិទ្ធិ រហូតដល់ ៥៣ ប្រទេស។ ដូច្នេះ ក្នុងចំណោមសមាជិកទាំងអស់ ត្រូងពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាន់តែមានសក្ដានុពល និងរីកចម្រើនបន្ថែមទៀត៕ 

រូបភាពឯកសារ Xinhua

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print